មូលនិធិរូបិយវត្ថុអន្តរជាតិ ហៅកាត់ IMF នឹងធ្វើដំណើរទៅកាន់ប្រទេសប៉ាគីស្ថាន នាថ្ងៃទី០២ ខែវិច្ឆិកា ដើម្បីជជែក និងពិនិត្យលើសំណើសុំខ្ចីប្រាក់ប្រមាណ ៣ពាន់លានដុល្លារ របស់ប្រទេសនៅតំបន់អាស៊ីខាងត្បូងមួយនេះ។
“ក្រុម IMF ដឹកនាំដោយលោក Nathan Porter នឹងបំពេញបេសកកម្ម ទៅកាន់ប្រទេសប៉ាគីស្ថាន ពីថ្ងៃទី០២ ខែវិច្ឆិកា សម្រាប់ត្រួតពិនិត្យលើឯកសារ និងសំណើខ្ចីប្រាក់របស់ប៉ាគីស្ថាន”។ នេះបើតាមការអះអាងពីអ្នកតំណាង IMF ប្រចាំប្រទេសប៉ាគីស្ថាន អ្នកស្រី Esther Perez Ruiz បាននិយាយប្រាប់ទៅកាន់សារព័ត៌មាន Reuters។
គួររំលឹកដែរថា ប៉ាគីស្ថានកំពុងស្ថិតនៅលើផ្លូវដ៏ពិបាកមួយ ក្នុងការស្ដារសេដ្ឋកិច្ចឡើងវិញ ប៉ុន្តែក្រោយទទួលបានជំនួយពីកម្មវិធីខ្ចីបំណុលរបស់ IMF ដែលបានអនុម័តកាលពីខែកក្កដា បានជួយឲ្យពួកគេរួចផុតពីការក្ស័យធន។
សូមជម្រាបដែរថា ក្រោមជំនួយពីកម្មវិធីរបស់ IMF ប៉ាគីស្ថានទទួលបានទឹកប្រាក់ប្រហែល ១,២ពាន់លានដុល្លារ ដែលជាចំណែកតូចមួយកាលពីខែកក្កដា៕