អូស្ត្រាលីបាននិយាយនៅថ្ងៃពុធនេះថា ខ្លួនបានដាក់ពង្រាយយន្តហោះយោធាពីរគ្រឿងបន្ថែមទៀត និងបុគ្គលិកការពារជាតិជាច្រើននាក់ ទៅកាន់តំបន់មជ្ឈិមបូព៌ា ដើម្បីជួយដល់ពលរដ្ឋរបស់ខ្លួននៅទីនោះ ប្រសិនបើសង្គ្រាមវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស់ កាន់តែកើនឡើងកម្តៅ។ នេះបើតាមការចុះផ្សាយពីប្រភពសារព័ត៌មាន Reuters ។
រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Richard Marles បាននិយាយថា ប្រទេសអូស្ត្រាលីបានបញ្ជូនយន្តហោះ Boeing C-17 និងយន្តហោះចាក់សាំងដែលមានសមត្ថភាពផ្ទុកអ្នកដំណើរមួយគ្រឿងទៀត ទៅកាន់តំបន់មជ្ឈិមបូព៌ា ដែលនាំឲ្យចំនួនយន្តហោះសរុបដែលអូស្ត្រាលីបញ្ជូនទៅកាន់ទីនោះកើនឡើងដល់ទៅ ៣គ្រឿងហើយ ។
តែទោះជាយ៉ាងណាក៏ដោយ លោកមិនបានបង្ហាញពីចំនួនបុគ្គលិកសរុបដែលត្រូវបានដាក់ពង្រាយ និងទីតាំងដែលយន្តហោះអាចចតបានដោយមានសុវត្ថិភាពនោះទេ ដោយលោកសង្កត់ធ្ងន់ថាយន្តហោះទាំងនោះ នឹងមិនចុះចតនៅក្នុងប្រទេសអ៊ីស្រាអែលឡើយ។
មួយវិញទៀត រដ្ឋមន្ត្រីរូបនេះដដែលបានបន្ថែមថា៖ ទាំងអស់នេះគឺជាកត្តាប្រឈមមួយ ហើយគោលបំណងរបស់ពួកយើង គឺដើម្បីជួយដល់ប្រជាជនអូស្ត្រាលីដែលស្ថិតនៅក្នុងតំបន់មជ្ឈិមបូព៌ា។
សូមជម្រាបបន្ថែមថា ចាប់តាំងពីជម្លោះបានចាប់ផ្តើមមក រដ្ឋាភិបាលអូស្ត្រាលីបានធ្វើមាតុភូមិនិវត្តន៍សម្រាប់ពលរដ្ឋ ដែលកំពុងជាប់គាំងក្នុងប្រទេសអ៊ីស្រាអែល ខណៈរដ្ឋាភិបាលបាននឹងកំពុងព្យាយាមជួយសង្គ្រោះជនជាតិអូស្ត្រាលីចំនួន ៧៩នាក់ពីតំបន់ Gaza Strip និងប្រមាណ ៥១នាក់ពីតំបន់ West Bank៕