កូរ៉េខាងត្បូង និងសម្ព័ន្ធមិត្ត ថ្កោលទោសកូរ៉េខាងជើង សម្រាប់ការផ្គត់ផ្គង់សព្វាវុធដល់រុស្ស៊ី

អន្តរជាតិ

នាថ្ងៃទី២៦ ខែតុលានេះ កូរ៉េខាងត្បូង ជប៉ុន និងអាមេរិក​ បានធ្វើការថ្កោលទោសយ៉ាងធ្ងន់ធ្ងរ ទៅកាន់កូរ៉េខាងជើង សម្រាប់ការផ្ដល់សព្វាវុធទៅកាន់រុស្ស៊ី និងបានបញ្ជាក់ថា ពួកគេបានដឹងយ៉ាងច្បាស់ពី ការផ្គត់ផ្គង់អាវុធទាំងនេះ ក្រោយស៊ើបអង្កេតមួយរយៈ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប៉ុន្តែទាំងរុស្ស៊ី និងកូរ៉េខាងជើង សុទ្ធតែច្រានចោលរាល់ការចោទប្រកាន់ពីបក្សសម្ព័ន្ធរបស់​អាមេរិក ជុំវិញការទទួលបានសព្វាវុធពីកូរ៉េខាងជើង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

ទោះជារុស្ស៊ី និងសម្ព័ន្ធមិត្តប្រកែកបែបណា ប៉ុន្តែរដ្ឋាភិបាលក្រុងវ៉ាស៊ីងតោនអះអាងថា កូរ៉េខាងជើងបានដឹកគ្រាប់កាំភ្លើង ទៅដល់កន្លែងស្តុកគ្រាប់កាំភ្លើងរបស់រុស្ស៊ី ដែលមានទីតាំង​នៅក្បែរព្រំដែនអ៊ុយក្រែន។

“សាធារណរដ្ឋកូរ៉េ សហរដ្ឋអាមេរិក និងប្រទេសជប៉ុន ថ្កោលទោសយ៉ាងខ្លាំង ចំពោះសកម្មភាព​របស់សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ដែលបានផ្គត់ផ្គង់សព្វាវុធទៅកាន់រុស្ស៊ី ដើម្បីប្រើប្រាស់វា ប្រឆាំងនឹងរដ្ឋាភិបាល និងប្រជាជនអ៊ុយក្រែន”។ នេះបើតាម​អត្ថន័យនៃ​សេចក្ដីថ្លែងការណ៍រួម របស់ក្រុមសម្ព័ន្ធមិត្តអាមេរិក។

សូមជម្រាបដែរថា អាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន កំពុងឃ្លាំមើលពីសកម្មភាពរវាង​រុស្ស៊ី និងកូរ៉េខាងជើង បន្ទាប់ពីមេដឹកនាំប្រទេសទាំង២ បានជួបជជែកគ្នា កាលពីខែកញ្ញា ដោយបាន​សន្យាថា នឹងគាំទ្រដល់អធិបតេយ្យភាពរវាងប្រទេសទាំង២ ទាំងផ្នែកសព្វាវុធ និងនយោបាយ៕