មហាសេដ្ឋីម៉ាឡេស៊ី លោក Quek Leng Chan កំពុងពិចារណាលក់ភាគហ៊ុន នៅក្រុមហ៊ុនដែកថែប SOUTHERN Steel មួយចំណែកធំ និងចង់បានទឹកប្រាក់រហូតដល់ ២០០លានដុល្លារ ពីការលក់មួយនេះ។

យោងតាមការចុះផ្សាយពីសារព័ត៌មាន The Business Times បានបង្ហាញថា ក្រុមហ៊ុនម៉ាឡេស៊ីខាងលើ កំពុងសិក្សាជាមួយទីប្រឹក្សា ដើម្បីបែងចែកការលក់ភាគហ៊ុនសរុប ប្រមាណ ៧០% នៅលើផ្សារហ៊ុនម៉ាឡេស៊ី សរុបជាទឹកប្រាក់ចន្លោះពី ១០០ ទៅ ២០០លានដុល្លារ។
ប្រភពដដែលបន្ថែមថា មហាសេដ្ឋីរូបនេះ និងទីប្រឹក្សារបស់លោក បានឈានដល់កិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនផ្សេង ដែលរកស៊ីក្នុងវិស័យតែមួយ ប៉ុន្តែព័ត៌មានទាក់ទងនឹងអតិថិជនរបស់មហាសេដ្ឋីម៉ាឡេស៊ី មិនត្រូវបានទម្លាយឲ្យដឹងជាសាធារណៈឡើយ។
សូមជម្រាបដែរថា លោក Quek Leng Chan គឺជាមហាសេដ្ឋីមានបំផុតទី២ ប្រចាំប្រទេសម៉ាឡេស៊ី ជាមួយទំហំទ្រព្យសម្បត្តិ ៩,៨ពាន់លានដុល្លារ តិចជាងលោក Robert Kuok ដែលជាអ្នកមានដាច់គេប្រចាំប្រទេស តែប្រមាណ ០,៣ពាន់លានដុល្លារប៉ុណ្ណោះ៕