រុស្ស៊ីទទួលបានជោគជ័យ ក្នុងការបាញ់បង្ហោះសាកល្បងនុយក្លេអ៊ែរទ្រង់ទ្រាយធំ

អន្តរជាតិ

សេចក្តីថ្លែងការណ៍របស់វិមានក្រឹមឡាំងបាននិយាយកាលពីថ្ងៃពុធថា ប្រទេសរុស្ស៊ីបានសាកល្បងសមត្ថភាពបាញ់បង្ហោះនុយក្លេអ៊ែរទ្រង់ទ្រាយធំរបស់ខ្លួនបានយ៉ាងជោគជ័យ ទាំងផ្លូវគោក ​សមុទ្រ និងទាំងផ្លូវអាកាស ដើម្បីបង្ហាញកម្លាំងអនុភាព ស្របពេលដែលទីក្រុងមូស្គូបានលុបចោលសន្ធិសញ្ញាហាមប្រាមការសាកល្បងនុយក្លេអ៊ែរដ៏សំខាន់មួយ។ នេះបើតាមប្រភពពីសារព័ត៌មាន Reuters ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

វិមានក្រឹមឡាំង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយស្តីពីសមយុទ្ធនុយក្លេអ៊ែរថា៖ ជាក់ស្តែង ការបាញ់បង្ហោះនៃមីស៊ីលផ្លោង និងមីស៊ីលបាលីស្ទិកបានកើតឡើង ក្នុងអំឡុងពេលហ្វឹកហាត់។ មីស៊ីលផ្លោងឆ្លងទ្វីប Yars ត្រូវបានគេបាញ់ចេញពីគោលដៅមួយ នៅភាគខាងកើតឆ្ងាយពីប្រទេសរុស្ស៊ី ខណៈនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរបានបាញ់មីស៊ីលផ្លោងចេញពីសមុទ្រ Barents ស្របពេលយន្តហោះទម្លាក់គ្រាប់បែករយៈចម្ងាយឆ្ងាយ Tu-95MS បានបាញ់សាកល្បងកាំជ្រួចរបស់វាផងដែរ។

ក្នុងនោះ រដ្ឋមន្ត្រីការពារជាតិលោក Sergei Shoigu បានរាយការណ៍ស្តីពីសមយុទ្ធទៅកាន់លោក ពូទីន តាមរយៈទូរទស្សន៍រដ្ឋរុស្ស៊ីថា នេះជាការហាត់សមសម្រាប់ការវាយប្រហារនុយក្លេអ៊ែរដ៏ធំសម្បើម ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារពីអាវុធនុយក្លេអ៊ែរ របស់អ្នកឈ្លានពាន។

មិនត្រឹមតែប៉ុណ្ណោះ រុស្ស៊ីបានបញ្ជាក់យ៉ាងច្បាស់ថា  ខ្លួនមិនមានបំណង បោះបង់ការសាកល្បងនុយក្លេអ៊ែរ ស្របតាមសន្ធិសញ្ញាហាមប្រាមការសាកល្បងនុយក្លេអ៊ែរគ្រប់ជ្រុងជ្រោយ (CTBT) ដែលទីក្រុងម៉ូស្គូបានចុះហត្ថលេខាកាលពីឆ្នាំ១៩៩២ នោះទេ បើទោះជាមានការដកសច្ចាប័នរបស់ពួកគេក្ដី។

សូមគូសបញ្ជាក់ថា​ សមយុទ្ធដែលពាក់ព័ន្ធនឹងការបាញ់សាកល្បងកាំជ្រួចចេញពីដីគោក ពីនាវាមុជទឹក និងពីយន្តហោះទម្លាក់គ្រាប់បែករយៈចម្ងាយឆ្ងាយនេះ គឺដើម្បីបង្ហាញមហាអំណាចលោកខាងលិច ពីអានុភាពអាវុធនុយក្លេអ៊ែរ របស់រុស្ស៊ី៕