សេចក្តីថ្លែងការណ៍របស់ក្រុមប្រទេស G7 ស្តីពីការហាមឃាត់ពាក់ព័ន្ធនឹងការនាំចូលត្បូងពេជ្ររបស់រុស្ស៊ី ដោយរំពឹងថានឹងប្រកាសនាចុងខែនេះ ដើម្បីដាក់ទណ្ឌកម្មលើកទី ១២ របស់សហភាពអឺរ៉ុបលើរដ្ឋាភិបាលទីក្រុងមូស្គូ ។ នេះបើតាមការចុះផ្សាយពីប្រភពសារព័ត៌មាន RT ។
G7 ដែលរួមមានកាណាដា បារាំង អាល្លឺម៉ង់ ជប៉ុន អ៊ីតាលី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក បានប្រកាសថា ពួកគេគ្រោងនឹងដាក់ទណ្ឌកម្មលើការនាំចូលត្បូងពេជ្ររុស្ស៊ីដោយផ្ទាល់ និងដោយប្រយោល បន្ទាប់ពីមានការជជែកដេញដោលគ្នាយ៉ាងយូរនៅក្នុងក្រុមប្រទេសទាំង៧។
យ៉ាងណាមិញ រហូតមកទល់នឹងពេលនេះ ការនាំចូលពេជ្ររបស់រុស្ស៊ីត្រូវបានរារាំង ដោយសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស កាណាដា និងនូវែលសេឡង់ ខណៈរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ក៏បានអនុញ្ញាតឱ្យទិញត្បូងដែលចម្រាញ់រួចនៅក្នុងប្រទេសរុស្ស៊ី ប៉ុន្តែត្រូវតែយកមកកែច្នៃក្នុងប្រទេសផ្សេងទៀត។
សូមជម្រាបផងថា បើទោះបីជាមានការហាមឃាត់ពីបណ្តាប្រទេសនៅសហភាពអឺរ៉ុបយ៉ាងណាក្តី ក៏រុស្ស៊ីបាននឹងកំពុងផ្លាស់ប្តូរទិសដៅពាណិជ្ជកម្មពេជ្ររបស់ខ្លួន ទៅកាន់ទីផ្សារប្រទេសចិន ឥណ្ឌា អារ៉ាប់រួម អាមេនី និងបេឡារុស្ស ជំនួសវិញផងដែរ៕