មហាសេដ្ឋីរុស្ស៊ី Mikhail Fridman បានចាញ់ក្ដីនៅតុលាការចក្រភពអង់គ្លេស ជុំវិញសំណើបង់ប្រាក់ថែទាំភូមិគ្រឹះរបស់លោកនៅទីនោះ ដែលមានតម្លៃប្រមាណ ៨០លានដុល្លារ និងរូបគំនូរ សរុបជាទឹកប្រាក់ជាង ៥០លានដុល្លារថែមទៀត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
លោក Fridman មានបំណងចង់ចំណាយប្រាក់ច្រើនជាង ៣០ ០០០ដុល្លារ ក្នុងមួយខែទៅលើការថែទាំភូមិគ្រឹះនៅអង់គ្លេស និងប្រហែលជិត ៣ពាន់ដុល្លារ ទៅលើការរក្សាប្រព័ន្ធភ្លើង ទឹក និងបើកប្រាក់ខែ ជូនអ្នកបើកបររបស់លោក។
ប៉ុន្តែសំណើទាំងនេះ ត្រូវបានច្រានចោលដោយតុលាការចក្រភពអង់គ្លេស បន្ទាប់ពីមហាសេដ្ឋីរុស្ស៊ីរូបនេះ បានចាកចេញពីប្រទេសអង់គ្លេសស្ងាត់ៗ ទាំងដែលរូបលោកកំពុងរងទណ្ឌកម្មសេដ្ឋកិច្ចពីរដ្ឋាភិបាលអង់គ្លេស។
មូលហេតុដែលតុលាការអង់គ្លេសបដិសេធសំណើរបស់មហាសេដ្ឋីរុស្ស៊ី គឺដោយសារកន្លងមក ការិយាល័យអនុវត្តទណ្ឌកម្មហិរញ្ញវត្ថុ (OFSI) ធ្លាប់បានផ្តល់អាជ្ញាបណ្ណសម្រាប់ Fridman រួចហើយ ដើម្បីបំពេញបំណុល និងធ្វើការបង់ប្រាក់ម្តងសរុបប្រហែល ១,៧លានដុល្លារ បូករួមទាំងការបង់ប្រាក់នាពេលអនាគតបន្ថែមជាង ៩០ ០០០ដុល្លារក្នុងមួយឆ្នាំ សម្រាប់ការថែទាំភូមិគ្រឹះមួយខ្នងនេះ៕