ថ្មីៗនេះ គ្រួសាររាជរង្សរបស់ប្រទេសម៉ាឡេស៊ី បានសម្រេចបោះឆ្នោតជ្រើសរើសយក ព្រះចៅស៊ុលតង់ Ibrahim Sultan Iskandar នៃរដ្ឋ Johor ជាស្តេចថ្មីនៃប្រទេសក្នុងតំបន់អាស៊ានមួយនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
ជុំវិញការជ្រើសរើសស្តេចថ្មីនេះ គឺស្ថិតក្រោមប្រព័ន្ធច្បាប់ពិសេសមួយ ដែលរាជវង្សានុវង្សទាំង ៩អង្គ ត្រូវប្តូរវេនធ្វើជាស្តេចសម្រាប់អាណត្តិប្រាំឆ្នាំម្នាក់ ខណ:ម៉ាឡេស៊ីជាប្រទេសប្រជាធិបតេយ្យបែបសភា មានព្រះមហាក្សត្រធ្វើជាប្រមុខរដ្ឋ និងដើរតួយ៉ាងសំខាន់ក្នុងពិធីគ្រងរាជ្យ។
គួរឱ្យដឹងថា ព្រះចៅស៊ុលតង់ Ibrahim នឹងចូលកាន់ដំណែងបន្តពីស្តេចបច្ចុប្បន្ន គឺព្រះចៅស៊ុលតង់ Al-Sultan Abdullah ដែលនឹងត្រូវផុតអាណត្តិនៅថ្ងៃទី៣១ ខែមករា ឆ្នាំ ២០២៤។
ជម្រាបជូនផងដែរថា ព្រះចៅស៊ុលតង់ Abdullah ដែលនឹងត្រូវបញ្ចប់អាណត្តិនេះ គឺជាព្រះមហាក្សត្រទី១៦ នៃប្រទេសម៉ាឡេស៊ី ដោយទ្រង់បានឡើងគ្រងរាជ្យកាលពីឆ្នាំ ២០១៩ ហើយចាប់តាំងពីពេលនោះមកទ្រង់បានដើរតួយ៉ាងសកម្មនៅក្នុងជួរនយោបាយរបស់ម៉ាឡេស៊ី និងជាអ្នកជ្រើសរើសនាយករដ្ឋមន្ត្រីបីរូបចុងក្រោយរបស់ប្រទេសនេះ ផងដែរ៕