ការវិនិយោគផ្ទាល់ពីបរទេសរបស់ថៃ ធ្លាក់ចុះ ១៥% ក្នុងរយ:ពេល ៩ខែដំបូងឆ្នាំនេះ

អន្តរជាតិ

ការវិនិយោគផ្ទាល់ពីបរទេស (FDI) នៅក្នុងប្រទេសថៃ បានធ្លាក់ចុះ ១៥% ដោយអាចទាញចំនួនទឹកប្រាក់ត្រឹមតែ ៨៤ពាន់លានបាត ឬប្រមាណ ៣,២ពាន់លានដុល្លារ ប៉ុណ្ណោះ គិតត្រឹមរយ:ពេល ៩ខែដំបូងឆ្នាំនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ លោក Napintorn Srisangpang បាននិយាយថា គិតត្រឹមខែមករា ដល់ខែកញ្ញា ប្រទេសថៃទទួលបានគម្រោងវិនិយោគចំនួន ៤៩៣ គម្រោង ពោលគឺបានកើនឡើង ១៣% ប៉ុន្តែចំពោះទំហំទឹកប្រាក់នៃការវិនិយោគវិញ បានធ្លាក់ចុះ ១៥% បើធៀបទៅនឹងរយ:ពេលដូចគ្នា កាលពីឆ្នាំមុន។

លោក Napintorn បានបង្ហាញឱ្យដឹងទៀតថា ចំពោះប្រទេសដែលបានចូលមកបោះទុនវិនិយោគនៅក្នុងប្រទេសថៃ ច្រើនជាងគេ មានដូចជា ជប៉ុន (១១១គម្រោង) សហរដ្ឋអាមេរិក (៨០គម្រោង) សិង្ហបុរី (៧៧គម្រោង) និងហុងកុង (២០គម្រោង) ។

យ៉ាងណាមិញ ទាក់ទងជាមួយនឹងទំហំទឹកប្រាក់នៃការវិនិយោគវិញ ប្រទេសជប៉ុននាំមុខគេ ក្នុងចំនួនសរុប ២២,៩ពាន់លានបាត និងបន្ទាប់មកគឺប្រទេសសិង្ហបុរី (២០,៥ពាន់លានបាត) ចិន (១៣,៣ពាន់លានបាត) ហុងកុង (៥,៣៦ពាន់លានបាត) និងសហរដ្ឋអាមេរិក (៣,៩៨ពាន់លានបាត) ។

ជម្រាបជូនផងដែរថា ក្នុងអំឡុងរយ:ពេល ៩ខែកន្លងមកនេះ វិនិយោគិនបរទេសភាគច្រើន បានបង្ហាញចំណាប់អារម្មណ៍ក្នុងការបោះទុនវិនិយោគនៅក្នុងច្រករបៀងសេដ្ឋកិច្ចភាគខាងកើត (EEC) របស់ប្រទេសថៃ ​ដែលតំណាងឱ្យ ២០% នៃចំនួនវិនិយោគិនសរុប៕