ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់ចិន Huawei Technologies បានប្រកាសពីប្រាក់ចំណូល សម្រាប់រយៈពេល ៩ខែដំបូង នៃឆ្នាំ២០២៣ ដែលមានរហូតដល់ ៤៥៦,៦ពាន់លានយ៉ន់ ឬប្រមាណ ៦២,៤ពាន់លានដុល្លារ កើនឡើង ២,៤% បើធៀបនឹងឆ្នាំ។
យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញថា ក្នុងរយៈពេល ៣ត្រីមាសនេះ Huawei ក៏ទទួលបានប្រាក់ចំណេញប្រមាណ ៧៣,០៥ពាន់លានយ៉ន់ ឬជិត ១០ពាន់លានដុល្លារ កើនឡើង ១៧៧,៨%។
ជាមួយគ្នានេះ គិតតែក្នុងត្រីមាសទី៣ ប្រាក់ចំណូលរបស់ពួកគេកើនបាន ១៤៥,៧ពាន់លានយ៉ន់ ខណៈការលក់ទូរស័ព្ទប្រភេទ Mate 60 ការលក់សេវាកម្មផ្សេងៗ និងគ្រឿងបន្លាស់យានយន្ត ជាកត្តាជម្រុញឲ្យប្រាក់ចំណូលរបស់ Huawei កើនឡើងខ្លាំង។
ជម្រាបបន្ថែមថា ការកើនឡើងនៃប្រាក់ចំណូលរបស់ក្រុមហ៊ុនខ្នាតយក្សចិនមួយនេះ បង្ហាញឲ្យឃើញពីការងើបឡើងវិញនៃការលក់ទូរស័ព្ទរបស់ពួកគេ បន្ទាប់ពីជួបប្រទះភាពជាប់គាំង ដោយសារអាមេរិកបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចមកលើខ្លួន កាលពីឆ្នាំ២០១៩៕