ការនាំចេញសម្លៀកបំពាក់របស់ប្រទេសស្រីលង្កា មានការខាតបង់រហូតដល់ ៩០០លានដុល្លារ គិតត្រឹមរយៈពេល ៩ខែដំបូង នៃឆ្នាំ២០២៣ ដោយសារតម្រូវការពិភពលោកកំពុងចុះខ្សោយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។
សម្លៀកបំពាក់ គឺជាផលិតផលនាំចេញធំបំផុតរបស់ស្រីលង្កា ខណៈកាលពីឆ្នាំមុន ពួកគេអាចរកចំណូលបានប្រហែល ៥,៩៥ពាន់លានដុល្លារ ពីការនាំចេញផលិតផលមួយនេះ និងជួយឲ្យស្រីលង្កា អាចដោះទាល់បានមួយគ្រា អំឡុងពេលប្រទេសដីកោះមួយនេះជួបវិបត្តិហិរញ្ញវត្ថុអាក្រក់បំផុត តាំងពីទទួលបានឯករាជ្យកាលពីឆ្នាំ ១៩៤៨។
ប៉ុន្តែសម្រាប់ឆ្នាំនេះ វិស័យកាត់ដេររបស់ស្រីលង្កា បែរជាទទួលរងផលប៉ះពាល់ខ្លាំង ពោលការនាំចេញសម្លៀកបំពាក់ គិតតែក្នុងខែកញ្ញា បានធ្លាក់ចុះ ៣៩% មកនៅត្រឹម ៣,៤ពាន់លានដុល្លារប៉ុណ្ណោះ បើធៀបនឹងឆ្នាំទៅ។
ក្នុងនោះ ការណាំចេញទៅកាន់សហរដ្ឋអាមេរិក មានការធ្លាក់ចុះខ្លាំងបំផុត ៣១% មកនៅត្រឹម ១,៤ពាន់លានដុល្លារ ខណៈការនាំចេញទៅកាន់ទីផ្សារអឺរ៉ុប ធ្លាក់ចុះ ២៧% មកនៅត្រឹម ១ពាន់លានដុល្លារ និងទៅកាន់ទីផ្សារចក្រភពអង់គ្លេស ថយចុះ ២៣% មកនៅត្រឹម ៤៨០លានដុល្លារ។
រំលឹកបន្តិចថា វេទិកាសមាគមកាត់ដេររួម ហៅកាត់ JAAF បាននិយាយកាលពីខែឧសភាថា ស្រីលង្កា អាចជួបប្រទះការខាតបង់ ១ពាន់លានដុល្លារពីការនាំចេញសម្លៀកបំពាក់ ប៉ុន្តែតួលេខអាចនឹងកើនជាងការរំពឹងទុក ដោយសារការខាតបង់នៃវិស័យកាត់ដេរ នៅក្នុងខែកញ្ញានេះ។
ទោះជាវិស័យកាត់ដេរក្នុងស្រុក កំពុងជួបហានិភ័យក្ដី ប៉ុន្តែរដ្ឋាភិបាលស្រីលង្កានៅតែមានក្ដីសង្ឃឹមថា ពួកគេនឹងអាចទទួលបានចំណូលប្រហែល ៤,៥ពាន់លានដុល្លារ ពីការនាំចេញសម្លៀកបំពាក់ ពេញមួយឆ្នាំនេះ៕