មហាសេដ្ឋីឥណ្ឌា Narayana Murthy សហស្ថាបនិកក្រុមហ៊ុន Infosys និងជាឪពុកក្មេកនាយករដ្ឋមន្ត្រីអង់គ្លេស លោក Rishi Sunak បានទម្លាយឲ្យដឹងថា បើសិនជាចង់ឲ្យសេដ្ឋកិច្ចប្រទេសឥណ្ឌារីកចម្រើន យុវជនឥណ្ឌាត្រូវធ្វើការយ៉ាងហោចណាស់ ៧០ម៉ោង ក្នុងមួយសប្ដាហ៍។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNN។

លោក Murthy បានបញ្ជាក់ថា សេដ្ឋកិច្ចអាល្លឺម៉ង់ និងជប៉ុន រីកលូតលាស់ខ្លាំង ព្រោះយុវជននៅទីនោះ ធ្វើការគ្មានហត់នឿយ តាំងពីចប់សង្គ្រាមលោកលើកទី២ ទើបសេដ្ឋកិច្ចរបស់ពួកគេ មានការរីកចម្រើនខ្លាំងសព្វថ្ងៃ។
ជាមួយគ្នានេះ ឪពុកក្មេកនាយករដ្ឋមន្ត្រីអង់គ្លេស ក៏និយាយថែមទៀតថា សង្វាក់ផលិតកម្មនៅឥណ្ឌា គឺមានសភាពយឺតជាងគេបំផុតមួយលើលោក ដ្បិតយុវជននៅទីនោះ មានទម្លាប់អាក្រក់ មិនគិតគូររឿងសេដ្ឋកិច្ចជាតិ។
ក្រុមហ៊ុនធំៗនៅក្នុងប្រទេសឥណ្ឌា គួរតែបង្កើនការលើកទឹកចិត្តដល់យុវជន ដើម្បីឲ្យពួកគេខិតខំធ្វើការ ពន្លឿនកំណើនសេដ្ឋកិច្ចជាតិ ដើម្បីប្រកួតប្រជែងជាមួយមហាអំណាចដទៃ។ នេះបើតាមសម្ដីរបស់មហាសេដ្ឋីឥណ្ឌា ដែលមានទ្រព្យសម្បត្តិប្រមាណ ៤ពាន់លានដុល្លារ៕