នាយករដ្ឋមន្ត្រីថៃ កំពុងស្នើគម្រោងស្ពានផ្លូវដែកថ្មី តភ្ជាប់ទៅកាន់ប្រទេសឡាវ

អន្តរជាតិ

នាយករដ្ឋមន្ត្រីថៃ លោក Srettha Thavisin បានទៅបំពេញទស្សនកិច្ចក្នុងប្រទេសឡាវ នៅព្រឹកថ្ងៃចន្ទនេះ ហើយបានស្នើឱ្យប្រទេសទាំងពីរ សាងសង់ស្ពានផ្លូវដែកថ្មីមួយ ដើម្បីជួយសម្រួលដល់ការធ្វើពាណិជ្ជកម្មទ្វេភាគីបន្ថែមទៀត។ នេះបើតាមការចុះផ្សាយពីកាសែត Bangkok Post ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកនាំពាក្យរបស់រដ្ឋាភិបាលថៃ លោក Chai Wacharonke បាននិយាយថា នាយករដ្ឋមន្ត្រី លោក Srettha បានស្នើឱ្យប្រទេសទាំងពីរ ធ្វើការកែលម្អការដឹកជញ្ជូន និងពាណិជ្ជកម្មទ្វេភាគី ហើយប្រែក្លាយឡាវ និងភាគឦសាននៃប្រទេសថៃ ទៅជា “តំបន់លូតលាស់រួមគ្នា” ។

នៅក្នុងឱកាសនៃការទៅបំពេញទស្សនកិច្ចទៅកាន់ប្រទេសឡាវនោះ លោក Srettha បាន​ស្នើ​គម្រោងសាងសង់ស្ពាន​ផ្លូវ​រថភ្លើង​ថ្មី​មួយឆ្លង​ទន្លេ​មេគង្គ ដោយ​ត​ភ្ជាប់​ពីខេត្ត Nong Khai ទៅកាន់ទីក្រុង​វៀងចន្ទន៍ប្រទេសឡាវ។

លោក Chai ក៏បានបន្ថែមឱ្យដឹងទៀតថា នាយករដ្ឋមន្ត្រីថៃ បានត្រៀមខ្លួនរួចជាស្រេចហើយ ក្នុងការផ្តល់ប្រាក់កម្ចីដល់ប្រទេសឡាវ ដើម្បីធ្វើជាមូលនិធិដល់គម្រោងនេះ ខណ:ប្រទេស​ថៃ ក៏​មាន​ចំណាប់​អារម្មណ៍​ក្នុង​ការ​ទិញយក​ថាមពល​ស្អាត​បន្ថែម​ទៀត​ ពី​ប្រទេស​ឡាវ ដើម្បី​គាំទ្រ​ដល់​កំណើន​ឧស្សាហកម្មរបស់ខ្លួន ផងដែរ ៕