អតីតនាយករដ្ឋមន្ត្រីអង់គ្លេស ចូលកាន់តំណែងថ្មីក្នុងស្ថានីយទូរទស្សន៍

អន្តរជាតិ

អតីតនាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson បាននិយាយកាលពីថ្ងៃសុក្រកន្លងទៅថា រូបលោកនឹងចូលរួមការងារជាមួយស្ថានីយទូរទស្សន៍ GB News ក្នុងនាមជាអ្នកធ្វើបទបង្ហាញ អ្នកបង្កើតកម្មវិធី និងជាអ្នកអត្ថាធិប្បាយ។ នេះបើតាមការចុះផ្សាយពីប្រភពសារព័ត៌មាន​Reuters ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Johnson បាននិយាយនៅលើបណ្តាញសង្គម X ថា៖ ខ្ញុំនឹងផ្តល់នូវទស្សនៈតាមរយៈបុស្តិ៍ទូរទស្សន៍ដ៏ថ្មីអស្ចារ្យនេះ អំពីអ្វីគ្រប់យ៉ាងរវាងរុស្ស៊ី និងចិន ក៏ដូចជាសង្គ្រាមនៅអ៊ុយក្រែន និងប្រាប់ពីរបៀបដែលយើងត្រូវប្រឈមមុខនឹងបញ្ហាទាំងអស់់នោះ ដើម្បីទាញយកឳកាសដ៏ធំសម្រាប់ពួកយើងនាពេលខាងមុខ។

ក្នុងនោះ GB News បាននិយាយថា អតីតនាយករដ្ឋមន្ត្រីអង់គ្លេសរូបនេះ នឹងចាប់ផ្តើមការងារនាដើមឆ្នាំ ២០២៤ ខាងមុខ ដែលមានតួនាទីជាអ្នកធ្វើបទបង្ហាញ អ្នកបង្កើតកម្មវិធី ក៏ដូចជាអ្នកអត្ថាធិប្បាយ ហើយរូបលោកនឹងដើរតួយ៉ាងសំខាន់ ក្នុងការផ្សព្វផ្សាយ នៃការបោះឆ្នោតសកលនៅចក្រភពអង់គ្លេស និងការបោះឆ្នោតនៅសហរដ្ឋអាមេរិកនាឆ្នាំក្រោយផងដែរ។

សូមគូសបញ្ជាក់ថា GB News ជាប៉ុស្តិ៍ទូរទស្សន៍ផ្តោតសំខាន់លើព័ត៌មានចម្រុះ មតិ និងការវិភាគនយោបាយ តែយ៉ាងណាស្ថានីយ៍នេះ ទើបតែបានបានបើកដំណើរការនៅឆ្នាំ ២០២១ កន្លងទៅនេះទេ។

សូមជម្រាបបន្ថែមថា លោក Boris Johnson ដើមឡើយធ្លាប់ប្រកបការងារជាអ្នកកាសែត មុនពេលប្រឡូកចូលក្នុងឆាកនយោបាយ ខណៈនៅឆ្នាំ ២០១៩ រូបលោកត្រូវបានបោះឆ្នោតអោយឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី តែក្រោយមកក្នុងឆ្នាំ ២០២២ លោកត្រូវបានលាលែងចេញពីតំណែងវិញ បន្ទាប់លេចលឺមានរឿងអាស្រូវជាច្រើន៕