ប្រទេសវៀតណាម កំពុងជជែកគ្នាជាមួយក្រុមហ៊ុនផលិតបន្ទះឈីបធំៗ ជាមួយបំណងបង្កើនការវិនិយោគក្នុងស្រុក ក៏ដូចជាគ្រោងបង្កើតរោងចក្រផលិតបន្ទះឈីបដំបូង ខណៈអាមេរិកព្រមានពីការចំណាយខ្ពស់ ជុំវិញផែនការមួយនេះ។
យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានរាយការណ៍ថា លោក Robert Li អនុប្រធានក្រុមហ៊ុន Synopsys ដែលកំពុងមានប្រតិបត្តិការណ៍នៅវៀតណាម បានអំពាវនាវឲ្យរដ្ឋាភិបាលគិតគូរឡើងវិញ ពីការចង់បង្កើតរោងចក្រផលិតបន្ទះឈីប ដ្បិតវាត្រូវការចំណាយយ៉ាងតិច ៥០ពាន់លានដុល្លារ ស្របពេលមហាអំណាចធំៗដូចជា ចិន អាមេរិក កូរ៉េខាងត្បូង និងសហភាពអឺរ៉ុប ចាយចន្លោះពី ៥០ ទៅ ១៥០ពាន់លានដុល្លារ ដើម្បីសាងសង់រោងចក្រមួយៗ។
ដោយឡែក មូលហេតុដែលវៀតណាមចង់សាងសង់រោងចក្រផលិតបន្ទះឈីប ដោយសារមួយរយៈចុងក្រោយ ពួកគេទទួលបានការវិនិយោគខ្លាំងពីវិស័យមួយនេះ ស្របពេលបន្ទះឈីបគឺជាផលិតផលដ៏ចាំបាច់បំផុតមួយ ក្នុងយុគសម័យបច្ចេកវិទ្យាដ៏ទំនើបនាពេលបច្ចុប្បន្ន។
ជម្រាបបន្ថែមថា បន្ទះឈីបដែលវៀតណាមចង់ផលិតជាលើកដំបូងនោះគឺ សម្រាប់ប្រើប្រាស់នៅក្នុងប្រព័ន្ធរថយន្ត និងឧបករណ៍ទំនាក់ទំនងនានា៕