ក្រុមហ៊ុនវិនិយោគរបស់រដ្ឋាភិបាលចិន ដែលមានឈ្មោះថា China Integrated Circuit Industry បានធ្វើការបណ្ដាក់ទុនប្រមាណ ១៤,៥៦ពាន់លានយ៉ន់ ឬប្រហែល ២ពាន់លានដុល្លារ ទៅកាន់ក្រុមហ៊ុនផលិតបន្ទះឈីប Changxin Xinqiao។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
ក្រុមហ៊ុនរបស់រដ្ឋ ដែលមានរហស្សនាមថា Big Fund បានចាយលុយប្រមាណ ៣៣,១៥% នៃតម្លៃមូលធនរបស់ក្រុមហ៊ុន វិនិយោគជាមួយក្រុមហ៊ុន Changxin Xinqiao ដែលទើបបង្កើតឡើងបាន ២ឆ្នាំ ប៉ុន្តែវិវត្ដន៍ខ្លួន ក្លាយជាក្រុមហ៊ុនឈានមុខគេមួយ ក្នុងវិស័យផលិតបន្ទះឈីបក្នុងប្រទេស។
គួររំលឹកដែរថា ក្រុមហ៊ុនរបស់រដ្ឋាភិបាលមួយនេះ ទើបនឹងចាក់លុយប្រហែល ១៣ពាន់លានយ៉ន់ ទៅក្នុងក្រុមហ៊ុន Yangtze Memory Technologies ហៅកាត់ YMTC កាលពីដើមឆ្នាំ ខណៈតួលេខនេះគឺជាចំនួនច្រើនបំផុត ដែលក្រុមហ៊ុន YMTC ទទួលបាន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ។
ជម្រាបបន្ថែមថា រដ្ឋាភិបាលចិន បង្កើត Big Fund ក្នុងគោលបំណង ពន្លឿន និងគាំទ្រដល់ក្រុមហ៊ុនផលិតបន្ទះឈីបក្នុងស្រុក ជាមួយក្ដីបំណង ប្រជែងជាមួយអាមេរិក និងកូរ៉េខាងត្បូង លើវិស័យផលិតបន្ទះឈីប៕