ក្រុមហ៊ុនអាកាសចរណ៍ធំផុតប្រចាំប្រទេសជប៉ុន ANA Holdings បាននិយាយនាថ្ងៃទី៣១ ខែតុលានេះថា ប្រាក់ចំណេញប្រចាំឆមាសទី១ របស់ពួកគេ កើនឡើងរហូតដល់ ៤ដង ក្រោយមានការកើនឡើងនៃអត្រាភ្ញៀវទេសចរណ៍បរទេស។

យោងតាមការចុះផ្សាយពីគេហទំព័រ Reuters បានរាយការណ៍ថា ប្រាក់ចំណេញប្រចាំឆមាសទី១ របស់ក្រុមហ៊ុនជប៉ុន មានប្រមាណ ១៤០ពាន់លានយ៉េន ឬប្រហែល ៩៣២លានដុល្លារ។
ជាមួយគ្នានេះ សារព័ត៌មាន TheJapanTimes ក៏បានចុះផ្សាយទៀតថា ក្រុមហ៊ុន ANA Holdings កំពុងរៀបចំផែនការថ្មី ដោយអូសទាញភ្ញៀវទេសចរពីបណ្ដាប្រទេសនៅតំបន់អាស៊ាន ពោលត្រៀមបើកសេវាកម្មថ្មី នៅប្រទេសថៃ ជាមួយនឹងជើងហោះហើរមានតម្លៃសមរម្យ។
ជម្រាបបន្ថែមថា តាំងពីរដ្ឋាភិបាលជប៉ុន លុបចោលវិធានការទប់ស្កាត់កូវីដ ១៩ កំណើនភ្ញៀវទេសចរ ដែលទៅកម្សាន្តនៅទីនោះ មានការកើនឡើងយ៉ាងឆាប់រហ័ស ស្របពេលតម្លៃលុយយ៉េនធ្លាក់ថ្លៃផង បានធ្វើឲ្យជប៉ុនក្លាយជាគោលដៅទេសចរណ៍ដ៏គួរឲ្យទាក់ទាញបំផុតមួយនាពេលបច្ចុប្បន្ន៕