សហរដ្ឋអាមេរិក បានចាប់ផ្តើមទិញអាហារសមុទ្ររបស់ប្រទេសជប៉ុនយ៉ាងច្រើនសន្ធឹកសន្ធាប់ ដើម្បីផ្គត់ផ្គង់កងយោធារបស់ខ្លួននៅទីនោះ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីទូទាត់មកវិញ នូវវិធានការហាមឃាត់របស់ប្រទេសចិន បន្ទាប់ពីមានការបង្ហូរទឹកវិទ្យុសកម្មចេញពីរោងចក្រ Fukushima កាលពីពេលកន្លងទៅ។
កាលពីថ្ងៃចន្ទ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសជប៉ុន លោក Rahm Emanuel បានប្រាប់សារព័ត៌មាន Reuters នៅក្នុងបទសម្ភាសន៍មួយថា៖ វាគឺជាកិច្ចសន្យារយៈពេលវែង រវាងកងកម្លាំងប្រដាប់អាវុធអាមេរិក ជលផល និងកិច្ចសហប្រតិបតិ្តការនៅក្នុងប្រទេសជប៉ុន។
លោកបានបន្ថែមថា វាគឺជាធាតុផ្សំនៃសង្គ្រាមសេដ្ឋកិច្ចរបស់ពួកគេ ហើយទីក្រុងវ៉ាស៊ីនតោនចាំបាច់ត្រូវស្វែងរកយុទ្ធសាស្ត្រផ្សេងៗ ដើម្បីទប់ទល់នឹងការហាមឃាត់របស់ប្រទេសចិន។
មិនត្រឹមតែប៉ុណ្ណោះ ឯកអគ្គរដ្ឋទូតរូបនេះបានបន្តទៀតថា ចំនួននៃការទិញអាហារសមុទ្រពីជប៉ុន នឹងកើនឡើងតាមពេលវេលានាពេលខាងមុខ មួយវិញទៀត អាហារទាំងនេះនឹងត្រូវផ្គត់ផ្គង់សម្រាប់ទាហាននៅក្នុងជំរុំ នៅលើនាវា ហើយក៏ត្រូវបានលក់នៅក្នុងហាង ក៏ដូចជាភោជនីយដ្ឋាន នៅក្នុងមូលដ្ឋានយោធាផងដែរ។
ដោយឡែក ដើម្បីជាការឆ្លើយតបនឹងការអត្ថាធិប្បាយរបស់លោកឯកអគ្គរដ្ឋទូត អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បាននិយាយថា ទំនួលខុសត្រូវរបស់អ្នកការទូត គឺដើម្បីលើកកម្ពស់មិត្តភាពរបស់ប្រទេស ជាជាងការលាបពណ៌គ្នា ដោយការបង្កជាបញ្ហា។
គួររម្លឹកផងដែរថា មិនយូរប៉ុន្មានបន្ទាប់ពីជប៉ុនបានបញ្ចេញទឹកសំណល់វិទ្យុសកម្ម ដែលបានបន្សុទ្ធរួចចេញពីរោងចក្រ Fukushima នោះ។ ប្រទេសចិនបានដាក់បម្រាមលើការនាំចូលអាហារសមុទ្រទាំងស្រុងពីជប៉ុន ដោយបាននិយាយថា ខ្លួនមានសិទ្ធិលើទំនួលខុសត្រូវក្នុងការអនុវត្ត ការបង្ការដោយស្របច្បាប់ សមហេតុផល ក៏ដូចជាចាំបាច់ ដើម្បីការពារបរិស្ថានសមុទ្រ សុវត្ថិភាពចំណីអាហារ និងសុខភាពប្រជាជន៕