G7 អំពាវនាវឱ្យចិន លុបចោលជាបន្ទាន់ចំពោះការហាមឃាត់លើការនាំចូលអាហារសមុទ្រពីជប៉ុន

អន្តរជាតិ

ក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនបំផុតទាំងប្រាំពីររបស់ពិភពលោក (G7) ថ្មីៗនេះ បានធ្វើការអំពាវនាវឱ្យមានការលុបចោលជាបន្ទាន់ ចំពោះការទប់ស្កាត់លើការនាំចូលផលិតផលអាហារសមុទ្ររបស់ជប៉ុន បន្ទាប់ពីប្រទេសនេះ បានបញ្ចេញទឹកសំណល់វិទ្យុសកម្មចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima ចូលទៅក្នុងសមុទ្រ កាលពីពេលកន្លងទៅ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រោយពីមានសកម្មភាពនេះ ចិន បានក្លាយជាប្រទេសដំបូងគេ ដែលបានចេញមុខប្រឆាំងដាច់ខាត និងថែមទាំងឈានដល់ការដាក់បម្រាមយ៉ាងតឹងរ៉ឹងបំផុត ចំពោះការនាំចូលអាហារសមុទ្ររបស់ប្រទេសជប៉ុន ផងដែរ ។

ប៉ុន្តែនៅក្រោយកិច្ចប្រជុំរដ្ឋមន្ត្រីពាណិជ្ជកម្ម G7 នៅទីក្រុង Osaka កាលពីចុងសប្តាហ៍មុន បានបង្ហាញថាការដាក់បម្រាមនេះ គឺជាការបង្ខិតបង្ខំសេដ្ឋកិច្ចតាមរយ:ពាណិជ្ជកម្ម បើទោះបីជា G7 មិនបាននិយាយសំដៅចំៗទៅកាន់ប្រទេសចិន ក៏ដោយ។

មិនតែប៉ុណ្ណោះ G7 បាននិយាយនៅក្នុងសេចក្តីថែ្លងការណ៍មួយថា ៖ ” យើងមិនពេញចិត្តសោះឡើយ ចំពោះសកម្មភាពយកសេដ្ឋកិច្ចដើម្បីបម្រើប្រាស់ធ្វើជាអាវុធ ហើយយើងគួរតែងាកមកប្តេជ្ញាចិត្ត ដើម្បីកសាងទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មដោយសេរី ប្រកបដោយយុត្តិធម៌ និងផ្តល់ប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ” ។

ជម្រាបជូនផងដែរថា ចិន បានផ្អាកការនាំចូលអាហារសមុទ្ររបស់ជប៉ុន កាលពីពីរខែមុន នៅពេលដែលរដ្ឋាភិបាលទីក្រុងតូក្យូ បានចាប់ផ្តើមបញ្ចេញទឹកវិទ្យុសកម្មពីរោងចក្រនុយក្លេអ៊ែរ Fukushima ចូលទៅ​ក្នុងសមុទ្រ​ប៉ាស៊ីហ្វិក ខណ:ពេលដែលជប៉ុន និងអាមេរិក បានហៅការហាមឃាត់របស់ចិននេះ ថាជាអំពើមិនយុត្តិធម៌ នៅពេលដែលរុស្ស៊ី ក៏បានប្រកាសធ្វើការរឹតបន្តឹងស្រដៀងគ្នានេះផងដែរ កាលពីដើមខែនេះ៕