រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken នឹងចាប់ផ្ដើមបំពេញដំណើរទស្សនកិច្ច ទៅកាន់តំបន់មជ្ឈិមបូព៌ា នាសប្ដាហ៍នេះ ស្របពេលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន អំពាវនាវឲ្យមានវិធានការបន្ទាន់ ដោះស្រាយវិបត្តិចំពោះសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស។

អ្នកនាំពាក្យនាយកដ្ឋានរដ្ឋ លោក Matthew Miller បាននិយាយថា៖ រដ្ឋមន្ត្រីការបរទេស Blinken នឹងធ្វើដំណើរទៅប្រទេសអ៊ីស្រាអែល នាថ្ងៃសុក្រ ដើម្បីត្រៀមចូលរួមប្រជុំជាមួយរដ្ឋាភិបាលអ៊ីស្រាអែល។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។
គួររំលឹកបន្តិចថា នេះគឺជាដំណើរទស្សនកិច្ចទី៣ របស់ប្រមុខការទូតអាមេរិក ក្នុងការធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអែល តាំងពីផ្ទុះសង្គ្រាមជាមួយក្រុមហាម៉ាស ពោលប៉ុន្មានថ្ងៃក្រោយផ្ទុះសង្គ្រាម លោកបានទៅទីនោះម្ដង និងក្រោយមកបានអបដំណើរប្រធានាធិបតីអាមេរិក ទៅទីនោះម្ដងទៀត កាលពីថ្ងៃទី១៨ ខែតុលា។
ជម្រាបបន្ថែមថា ការវាយឆ្មក់របស់ក្រុមសកម្មប្រយុទ្ធហាម៉ាស របស់ប៉ាឡេស្ទីន ទៅលើប្រទេសអ៊ីស្រាអែល បានសម្លាប់ប្រជាជននៅទីនោះច្រើនជាង ១ ៤០០នាក់ ខណៈមានមនុស្សច្រើនជា ២៣០នាក់ ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង ខណៈរបាយការណ៍ពីក្រសួងសុខាភិបាលនៅតំបន់ Gaza បង្ហាញថា ការវាយបករបស់អ៊ីស្រាអែល សម្លាប់ប្រជាជនច្រើនជាង ៨ ៥០០នាក់៕