រដ្ឋមន្ត្រីការពារជាតិអាមេរិក៖ រុស្ស៊ីប្រាកដជាយកឈ្នះអ៊ុយក្រែនបានងាយ បើគ្មានការលូកដៃពីអាមេរិក

អន្តរជាតិ

កាលពីថ្ងៃទី៣១ ខែតុលា រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បាននិយាយថា រុស្ស៊ីច្បាស់ជាអាចយកឈ្នះសង្គ្រាមនៅអ៊ុយក្រែន បើសិនជាអាមេរិកបញ្ឈប់ការគាំទ្ររបស់ខ្លួន ចំពោះរដ្ឋាភិបាលក្រុងគៀវ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

“ខ្ញុំអាចធានាបានថា បើសិនជាគ្មានការគាំទ្រពីពួកយើង នោះ ពូទីន នឹងទទួលបានជោគជ័យសម្រាប់សង្គ្រាមមួយនេះ។ បើសិនជាពួកយើងដកថយពេលនេះ ពូទីននឹងកាន់តែបង្ហាញអានុភាពកាន់តែខ្លាំង និងកាន់តែមានមហិច្ឆតាធំជាងមុនទៀត”។ នេះបើតាមសម្ដីរបស់លោក Austin បាននិយាយ។

ការលើកឡើងរបស់រដ្ឋមន្ត្រីការពារជាតិរូបនេះ គឺដើម្បីបង្ហាញការគាំទ្រ ចំពោះសំណើរបស់​ប្រធានាធិបតីអាមេរិក ដែលបានដាក់ទៅកាន់រដ្ឋសភា សុំបញ្ចេញកញ្ចប់ជំនួយតម្លៃ ១០៦ពាន់​លានដុល្លារ សម្រាប់ប្រទេសអ៊ុយក្រែន អ៊ីស្រាអែល និងដោះស្រាយវិបត្តិសន្តិសុខព្រំដែនអាមេរិក។

សូមជម្រាបដែរថា កន្លងមករដ្ឋសភាអាមេរិក បានអនុម័តកញ្ចប់ជំនួយសម្រាប់ប្រទេសអ៊ុយក្រែន រហូតដល់ ១១៣ពាន់លានដុល្លាររួចមកហើយ តាំងពីរុស្ស៊ីបើកការឈ្លានពានកាលពីខែកុម្ភៈ ឆ្នាំ២០២២ ខណៈសង្គ្រាមរវាងប្រទេសទាំង២ ហាក់មិនងាយនឹងបញ្ចប់ឆាប់ៗឡើយ ដោយរុស្ស៊ីប្រកាន់ជំហរ ចាត់ទុកវាជាប្រតិបត្តិការយោធាពិសេស ស្របពេលអ៊ុយក្រែនហៅវាថា ជាការឈ្លានពាន រំលោភបូរណភាពទឹកដី៕