អាមេរិក ប្រកាសដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុនប្រេង ដែលបម្រើដល់របបយោធាមីយ៉ាន់ម៉ា

អន្តរជាតិ

សហរដ្ឋអាមេរិក បានប្រកាសដាក់ទណ្ឌកម្មប្រឆាំងទៅនឹងសហគ្រាសរដ្ឋមួយចំនួន ដែលកំពុងរកប្រាក់ចំណូលបានយ៉ាងច្រើន ដល់របបយោធារបស់ប្រទេសមីយ៉ាន់ម៉ា ខណ:នេះជាវិធានការក្តៅមួយរបស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ដើម្បីទប់ស្កាត់ការប្រើប្រាស់លំហូរសាច់ប្រាក់ទាំងនេះ ដើម្បីយកទៅទិញអាវុធ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកនេះ គឺផ្តោតសំខាន់ទៅលើសហគ្រាសប្រេង និងឧស្ម័នរបស់មីយ៉ាន់ម៉ា ឬ MOGE ដើម្បីហាមឃាត់មិនឱ្យក្រុមហ៊ុនអាមេរិក ទិញ ឬធ្វើការនាំចូល ដោយផ្ទាល់ ឬប្រយោល ក្នុងលក្ខខណ្ឌដែលអាចផ្តល់ផលប្រយោជន៍ទៅកាន់ក្រុមហ៊ុនរបស់មីយ៉ាន់ម៉ា ។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ៖ “MOGE ទទួលបានចំណូលពីបរទេសរាប់រយលានដុល្លារជារៀងរាល់ឆ្នាំ ដោយវាបានជួយគាំទ្រដល់របបយោធា ដើម្បីទិញសព្វាវុធ និងសម្ភារៈយោធាពីបរទេស។ ដូច្នេះសហរដ្ឋអាមេរិក ចាំបាច់ត្រូវទទួលខុសត្រូវ ដើម្បីកាត់បន្ថយសមត្ថភាពរបស់ពួកគេ ក្នុងការប្រព្រឹត្តអំពើឃោរឃៅ” ។

ទន្ទឹមនឹងនេះ លោក Blinken បាននិយាយទៀតថា សហរដ្ឋអាមេរិកក៏កំពុងចាត់តាំងអង្គភាពចំនួនបី និងបុគ្គលចំនួន៥ រូប ដើម្បីប្រឆាំងទៅនឹងការរំលោភសិទ្ធិមនុស្សរបស់របបនេះ ហើយកំពុងសម្របសម្រួលជាមួយប្រទេសកាណាដា និងចក្រភពអង់គ្លេស ដើម្បីបង្កើនការដាក់ទណ្ឌកម្មនេះ ផងដែរ។

ជម្រាបជូនផងដែរថា ការ​ដាក់​ទណ្ឌកម្ម​នេះ ត្រូវបាន​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ការ​អំពាវនាវ​ម្តង​ហើយ​ម្តង​ទៀត​ ពី​សំណាក់ក្រុម​សិទ្ធិ​មនុស្ស និងអ្នកប្រឆាំងរបប​យោធា​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា ឱ្យធ្វើ​ដូច្នេះ​ចាប់​តាំង​ពី​របប​នេះ​បាន​ដណ្តើម​អំណាច ​ក្នុង​រដ្ឋប្រហារកាលពី​ជិត​បី​ឆ្នាំ​មុន៕