រដ្ឋបាលរបស់លោកប្រធានាធិបតី ចូ បៃដិន កាលពីថ្ងៃអង្គារ ទី៣១ ខែតុលាកន្លងទៅ បានធ្វើការអនុម័តទៅលើផែនការសាងសង់រោងចក្រថាមពលខ្យល់ធំបំផុតមិនធា្លប់មាន នៅក្នុងប្រវត្តិសាស្រ្តរបស់សហរដ្ឋអាមេរិក ដោយនឹងអាចផ្តល់ថាមអគ្គិសនីដល់ផ្ទះរាប់សែនខ្នង។
បើតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញថា គម្រោងថ្មីនេះមានឈ្មោះថា Coastal Virginia Offshore Wind (CVOW) ជារបស់ក្រុមហ៊ុន Dominion Energy ដែលមានទីតាំងនៅចម្ងាយ ៤៣,៥ គីឡូម៉ែត្រ ពីឆ្នេរ Virginia និងជាផែនការរោងចក្រថាមពលខ្យល់ទី៥ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋបាលប្រធានាធិបតី ចូ បៃដិន។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Deb Haaland បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការសម្រេចចិត្តលើគម្រោងថ្មីនេះ គឺបង្ហាញពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលចំពោះ “អនាគតថាមពលស្អាត” ដោយវានឹងអាចឆ្លើយតបទៅនឹងវិបត្តិអាកាសធាតុ ក៏ដូចជាការចំណាយលើថាមពលទាប និងបង្កើតការងារថ្មីៗ ផងដែរ។
លោក Deb បានបន្ថែមទៀតថា គម្រោងនេះ ត្រូវបានរំពឹងថានឹងផ្តល់ការងារដល់ពលរដ្ឋរាប់រយនាក់ ទាំងក្នុងដំណាក់កាលសាងសង់ និងប្រតិបត្តិការ ក៏ដូចជាបង្កើតការអភិវឌ្ឍសេដ្ឋកិច្ច ក្នុងតំបន់នោះផងដែរ។
ជម្រាបជូនផងដែរថា សហរដ្ឋអាមេរិកបានកំណត់គោលដៅទាញយកថាមពលពីកម្លាំងខ្យល់ឱ្យបាន ៣០ ជីហ្គាវ៉ាត់ នៅឆ្នាំ ២០៣០ ដែលវាជាផ្នែកមួយនៃគោលដៅទូលំទូលាយរបស់ខ្លួន ក្នុងការប្តេជ្ញាចិត្តកាត់បន្ថយការបំភាយកាបូនមកនៅកម្រិតសូន្យ នៅត្រឹម ២០៥០ និងវិស័យថាមពលគ្មានកាបូន នៅឆ្នាំ ២០៣៥៕