ក្រុមហ៊ុន Samsung វៀតណាម ដាក់គោលដៅរកចំណូលឱ្យបាន ៥៧ពាន់លានដុល្លារ នៅឆ្នាំនេះ

អន្តរជាតិ

ប្រធានផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Samsung Group លោក Park Hark Kyu បាននិយាយថាក្រុមហ៊ុន Samsung នៅក្នុងប្រទេសវៀតណាម នឹងប្រឹងប្រែងរកប្រាក់ចំណូលឱ្យបាន ៥៧ពាន់លានដុល្លារពីការនាំចេញ នៅឆ្នាំ ២០២៣ នេះ ហើយថែមទាំងបានសន្យាទៀតថាក្រុមហ៊ុន នឹងបន្តរួមដំណើរជាមួយប្រទេសវៀតណាម ក្នុងការអភិវឌ្ឍបន្ថែមទៀត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ចំពោះការលើកឡើងនេះ បានកើតឡើង បន្ទាប់ពីនាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានសម្តែងការអបអរសាទរដល់ក្រុមហ៊ុន Samsung វៀតណាម ចំពោះលទ្ធផលអាជីវកម្មរបស់ពួកគេ ក្នុងរយ:ពេល ៩ ខែដំបូងឆ្នាំនេះ ជាមួយនឹងប្រាក់ចំណូលសរុបជាង ៤៨ពាន់លានដុល្លារ និងប្រាក់ចំណូលបានពីការនាំចេញជិត ៤២ពាន់លានដុល្លារ ដោយវាបានរួមចំណែកយ៉ាងសំខាន់ដល់តម្លៃពាណិជ្ជកម្មរបស់ប្រទេសវៀតណាមទាំងមូល។

លោក Chinh បានបន្ថែមទៀតថា គម្រោងរបស់ក្រុមហ៊ុន Samsung Group នៅក្នុងប្រទេសវៀតណាម ត្រូវបានអនុវត្តន៍យ៉ាងឆាប់រហ័ស ដោយជួយផ្លាស់ប្តូររចនា​សម្ព័ន្ធ​សេដ្ឋកិច្ចរបស់វៀតណាម ក៏ដូចជាជំរុញការនាំចេញ អភិវឌ្ឍឧស្សាហកម្មគាំទ្រ បង្កើតឱកាសការងារ និងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់វៀតណាម ថែមទៀតផង។

មិនតែប៉ុណ្ណោះ លោក Chinh សង្ឃឹមថាក្រុមហ៊ុន Samsung នឹងបន្តចាត់ទុកវៀតណាម ជាមូលដ្ឋាននៃការផលិតយុទ្ធសាស្រ្តរបស់ខ្លួន ដោយរួមបញ្ចូលទាំងមជ្ឈមណ្ឌលស្រាវជ្រាវ ការអភិវឌ្ឍ និងផលិតផលិតផលសំខាន់ៗ សម្រាប់ទីផ្សារអន្តរជាតិ។

ជម្រាបជូនផងដែរថា ក្រុមហ៊ុន Samsung បានបណ្តាក់ទុនចំនួន ១៨ពាន់លានដុល្លារ នៅក្នុងប្រទេសវៀតណាម ហើយមានគម្រោងក្នុងការបង្កើនដាក់បណ្តាក់ទុនរបស់ខ្លួនបន្ថែមទៀតដល់ ២០ពាន់លានដុល្លារ នាពេលខាងមុខ៕