ក្រុមហ៊ុន Tesla មានគោលបំណងផលិតរថយន្តអគ្គិសនី ប្រភេទភីគអាប់របស់ខ្លួនអោយបានចំនួន ២០០ ០០០ គ្រឿងក្នុងមួយឆ្នាំៗ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។
កន្លងមក ក្រុមហ៊ុនបាននិយាយថា Tesla អាចមានសមត្ថភាពផលិត Cybertruck ច្រើនជាង ១២៥ ០០០ គ្រឿងប៉ុណ្ណោះក្នុងមួយឆ្នាំ ខណៈលោក Musk បានបន្ថែមថា ក្រុមហ៊ុនមានសក្តានុពលក្នុងការបង្កើនសមត្ថភាពផលិតឲ្យបានដល់ ២៥០ ០០០ គ្រឿងនៅឆ្នាំ ២០២៥ ផងដែរ។
ដោយឡែក នៅក្នុងផតឃែស្ថរបស់ Joe Rogan Experience បានចេញផ្សាយកាលពីថ្ងៃអង្គារ នូវអ្វីដែលលោក Elon Musk បាននិយាយអំពី Cybertruck ថា៖ ពួកយើងមានបំណងផលិតអោយបានប្រហែល ២០០ ០០០ គ្រឿងក្នុងមួយឆ្នាំ ហើយប្រហែលជាច្រើនជាងនេះបន្តិចទៀត ប៉ុន្តែខ្ញុំគ្រាន់តែមិនអាចបញ្ជាក់ឱ្យបានគ្រប់គ្រាន់ថា ការផលិតរថយន្តប្រភេទនេះ គឺវាពិបាកជាងការរចនាដំបូងទៅទៀត។
គួរបញ្ជាក់ថា រថយន្តភីគអាប់ ដែលត្រូវបានគេទន្ទឹងរង់ចាំជាខ្លាំងនោះ នឹងចាប់ផ្តើមចែកចាយនាថ្ងៃទី៣០ ខែវិច្ឆិកាខាងមុខ ខណៈវាមានរយៈពេលជិតបួនឆ្នាំមកហើយ បន្ទាប់ពីរថយន្ត Cybertruck ត្រូវបានដាក់បង្ហាញក្នុងព្រឹត្តិការណ៍មួយ នៅទីក្រុង Los Angeles ដែលជាកន្លែងប្រធានផ្នែករចនារបស់គាត់ បានសាកល្បងយកគ្រាប់បាល់ដែក គប់បំបែកកញ្ចក់ពាសដែករបស់រថយន្ត ចំពេលព្រឹត្តិការណ៍នេះ បានបង្ហាញទៅកាន់ទស្សនិកជនជាច្រើននាក់៕