អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Najib Razak ដែលត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ ក្រោយរកឃើញជាប់ពាក់ព័ន្ធករណីពុករលួយកាលពីពេលកន្លងទៅ បច្ចុប្បន្នកំពុងសម្រាកនៅមន្ទីរពេទ្យ បន្ទាប់ពីរកឃើញថាលោកបានឆ្លងជំងឺកូវីដ ១៩។
យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានរាយការណ៍ថា លោក Najib ដែលមានវ័យ ៧០ឆ្នាំ គឺមានសុខភាពល្អប្រសើរវិញហើយ បន្ទាប់ពីលោកបានប្រាប់ទៅកាន់ឆ្មាំយាមគុកថា លោកក្ដៅខ្លួនខ្លាំងកាលពីថ្ងៃអង្គារ ខណៈបច្ចុប្បន្នអតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី កំពុងធ្វើចត្តាឡីស័ក និងទទួលការព្យាបាលនៅមន្ទីរពេទ្យ។
គួររំលឹកបន្តិចថា អតីតនាយករដ្ឋមន្ត្រីខាងលើ គឺទទួលបានការកាត់ទោសឲ្យជាប់ពន្ធនាគារ រយៈពេល ១២ឆ្នាំ ក្រោយរកឃើញជាប់ទាក់ទងនឹងករណីពុករលួយ និងកិបកេងមូលនិធិរដ្ឋ 1MDB។
ពាក់ព័ន្ធនឹងករណីខាងលើ ក្រុមស៊ើបអង្កេតរបស់អាមេរិក បានសហការជាមួយរដ្ឋាភិបាលម៉ាឡេស៊ី ដោយសន្និដ្ឋានថា ទឹកប្រាក់ ៤,៥ពាន់លានដុល្លារ ត្រូវបានលួចពីមូលនិធិ 1MDB និងរកឃើញថា ទឹកប្រាក់ច្រើនជាង ១ពាន់លានដុល្លារ បានវេរចូលក្នុងគណនីធនាគាររបស់លោក Najib។
បន្ទាប់ពីមានភស្តុតាងគ្រប់គ្រាន់ លោក Najib ត្រូវបានផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារ រយៈពេល ១២ឆ្នាំ និងបានក្លាយជានាយករដ្ឋមន្ត្រីដំបូងបង្អស់ប្រចាំប្រវត្តិសាស្ត្រម៉ាឡេស៊ី ដែលជាប់ពន្ធនាគារ។
ជម្រាបបន្ថែមថា លោក Najib ក៏បានដាក់ញត្តិស្នើសុំការលើកលែងទោសពីព្រះមហាក្សត្រផងដែរ ហើយក្នុងករណីដែលព្រះមហាក្សត្រប្រោសប្រទានទោស លោកនឹងជាប់ពន្ធនាគាររយៈពេលខ្លី៕