កាសែត Wall Street Journal (WSJ) បានរាយការណ៍កាលពីថ្ងៃពុធថា ប្រទេសចិន និងសហរដ្ឋអាមេរិកនឹងពិភាក្សាគ្នា អំពីការគ្រប់គ្រងអាវុធនុយក្លេអ៊ែរនៅសប្តាហ៍ក្រោយ ដែលជាកិច្ចពិភាក្សាលើកដំបូង ចាប់តាំងពីជំនាន់រដ្ឋបាល អតីតប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា នៅកាន់អំណាច។

ក្រសួងការបរទេសចិនបាននិយាយកាលពីថ្ងៃចន្ទ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសលោក Wang Yi ទៅកាន់ទីក្រុងវ៉ាស៊ីនតោនថា ប្រទេសទាំងពីរនឹងរៀបចំការពិគ្រោះយោបល់ ស្តីពីការគ្រប់គ្រងអាវុធ និងការមិនរីកសាយភាយ នៅប៉ុន្មានថ្ងៃខាងមុខ ក៏ដូចជាការពិភាក្សាដាច់ដោយឡែកពីគ្នា អំពីកិច្ចការដែនសមុទ្រ និងបញ្ហាផ្សេងៗទៀត។
តាមរយៈរបាយការណ៍របស់កាសែត WSJ បានលើកឡើងផងដែរថា កិច្ចពិភាក្សាអាវុធនេះ អាចនឹងរៀបចំឡើងនៅថ្ងៃចន្ទសប្តាហ៍ក្រោយ ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសអាមេរិក លោកស្រី Mallory Stewart និងលោក Sun Xiaobo ប្រធាននាយកដ្ឋានគ្រប់គ្រងអាវុធនៅក្រសួងការបរទេសចិន។
គួរបញ្ជាក់ថាកាលពីខែតុលា មន្ទីរបញ្ចកោណបាននិយាយថា ប្រទេសចិនមានក្បាលគ្រាប់នុយក្លេអ៊ែរប្រតិបត្តិការច្រើនជាង ៥០០ នៅក្នុងឃ្លាំងអាវុធរបស់ខ្លួន ហើយប្រហែលជាអាចនឹងមានក្បាលគ្រាប់ច្រើនជាង ១ពាន់ឯណោះ ត្រឹមឆ្នាំ ២០៣០ ។ ផ្ទុយទៅវិញ ទីក្រុងប៉េកាំងក៏ធ្លាប់បានប្រកែកជាយូរមកហើយដែរថា សហរដ្ឋអាមេរិកមានឃ្លាំងអាវុធធំជាងខ្លួនទៅទៀត៕