នាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា រដ្ឋាភិបាលរបស់លោក នឹងត្រៀមការចំណាយរហូតដល់ ១៧ទ្រីលានយ៉េន ឬប្រមាណ ១១៣ពាន់លានដុល្លារ ដើម្បីទ្រទ្រង់សេដ្ឋកិច្ចជាតិ ដែលអាចប្រឈមនឹងហានិភ័យវិបត្តិអតិផរណា។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានរាយការណ៍ថា ដើម្បីអាចសម្រេចផែនការនេះបាន រដ្ឋាភិបាលជប៉ុនត្រូវតែបង្កើនថវិកា តាមរយៈការរៃអង្គាសផ្សេងៗ ពីលើគម្រោងចំណាយ ១៣,១ទ្រីលានយ៉េននាឆ្នាំនេះ។
បន្ថែមពីនោះ គម្រោងចំណាយ ១៧ទ្រីលានយ៉េននេះ ក៏នឹងរួមបញ្ចូលនូវផែនការកាត់បន្ថយអត្រាពន្ធចំណូល និងពន្ធដីធ្លីរបស់ប្រជាពលរដ្ឋ ក៏ដូចជាទប់ទល់ការឡើងថ្លៃប្រេង និងអគ្គិសនីផងដែរ។
សូមជម្រាបដែរថា រដ្ឋបាលលោក Kishida តែងតែព្យាយាមដោះស្រាយវិបត្តិអតិផរណាជាញឹកញយ ដ្បិតវាគឺជាបញ្ហាចំបង ដែលធ្វើឲ្យនាយករដ្ឋមន្ត្រីរូបនេះ បាត់បង់ប្រជាប្រិយភាព សម្រាប់ការបោះឆ្នោតសកលក្នុងឆ្នាំ២០២៥៕