ក្រុមហ៊ុនថាមពលខ្នាតយក្ស Shell ប្រកាសកើបប្រាក់ចំណេញជាង ៦ពាន់លានដុល្លារ នៅត្រីមាសទី៣

អន្តរជាតិ

ក្រុមហ៊ុនប្រេងខ្នាតយក្សរបស់ចក្រភពអង់គ្លេស Shell នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានរាយការណ៍ពីប្រាក់ចំណេញរបស់ខ្លួនកើនឡើងដល់ ៦,២ពាន់លានដុល្លារ សម្រាប់ត្រីមាសទី៣ ឆ្នាំនេះ ដោយយសារតែក្រុមហ៊ុនទទួលបានអត្ថប្រយោជន៍ច្រើនពីការកើនឡើងតម្លៃប្រេង និងប្រាក់ចំណេញទទួលបានពីការចម្រាញ់ប្រេងរបស់ខ្លួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNBC ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ចំនួនប្រាក់ចំណេញដែលក្រុមហ៊ុន បានប្រកាសចុងក្រោយនេះ គឺខ្ពស់ជាងប្រាក់ចំណេញដែលខ្លួនទទួលបានត្រឹម ៥,១ពាន់លានដុល្លារ នៅក្នុងត្រីមាសទី២ ប៉ុន្តែជាការធ្លាក់ចុះខ្លាំង ពីចំនួនដែលខ្លួនធ្លាប់ទទួលបានដល់ទៅ ៩,៤៥ពាន់លានដុល្លារ សម្រាប់ត្រីមាសទី៣ ដូចគ្នាកាលពីឆ្នាំមុន នៅពេលដែលជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន បានជំរុញឱ្យតម្លៃប្រេង និងឧស្ម័នកើនឡើងខ្ពស់បំផុត។

ទន្ទឹមនឹងនេះ នាយកប្រតិបត្តិក្រុមហ៊ុន លោក Wael Sawan បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ៖ “Shell បានផ្តល់នូវប្រតិបត្តិការដ៏រឹងមាំមួយ សម្រាប់ត្រីមាសផ្សេងទៀតនៃផ្នែកប្រតិបត្តិការ និងហិរញ្ញវត្ថុ ដោយចាប់យកឱកាស នៅក្នុងទីផ្សារដែលងាយនឹងទទួលបានផលច្រើន ” ។

ជម្រាបជូនផងដែរថា បើទោះបីជាប្រាក់ចំណេញមានការកើនឡើងខ្ពស់ក៏ដោយ ប៉ុន្តែផលិតកម្មនៅរោងចក្រ Integrated Gas របស់ Shell បានធ្លាក់ចុះ ៩% បើធៀបទៅនឹងត្រីមាសមុន ដោយសារតែការ​ជួសជុល​ នៅអណ្តូង Prelude floating LNG របស់ខ្លួននៅខាងក្រៅប្រទេសអូស្ត្រាលី ក៏ដូចជាទីតាំងនៅ Trinidad and Tobago និងនៅប្រទេសកាតា ផងដែរ៕