វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរបស់វៀតណាម​ ទទួលបានអតិរេកពាណិជ្ជកម្មជាង ៩ ពាន់លានដុល្លារ

អន្តរជាតិ

យោងតាមក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ (MARD) បានឱ្យដឹងថា នៅក្នុងអំឡុងខែមករា ដល់ខែតុលា ប្រទេសវៀតណាមមានអតិរេកចំនួន ៩,៣ ពាន់លានដុល្លារ នៅក្នុងពាណិជ្ជកម្មកសិ-រុក្ខាប្រមាញ់ និងនេសាទ ខណៈចំនួននេះកើនឡើង ២៦,២% បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមការចុះផ្សាយពីប្រភពសារព័ត៌មាន VNExpress ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងអំឡុងពេលបច្ចុបន្ននេះ ទំហំនៃការនាំចេញផលិតផលសរុបមានចំនួន ៤៣,០៨ ពាន់លានដុល្លារ ធ្លាក់ចុះ ៤,២% ពីមួយឆ្នាំទៅមួយឆ្នាំ ដោយសារការថយចុះនៃតម្លៃនាំចេញ លើផលិតផលសំខាន់ៗដូចជា អាហារសមុទ្រ (៧,៤៥ ពាន់លានដុល្លារ ធ្លាក់ចុះ ២០,៥%) និងឈើជាដើម (១១,៦៥ ពាន់លានដុល្លារ ធ្លាក់ចុះ ១៩,៣%)។

យ៉ាងណា បើក្រឡេកមកមើលការនាំចេញកសិផលវិញ មានចំនួន ២១,៩៤ ពាន់លានដុល្លារ កើនឡើង ១៧% ខណៈក្នុងនោះប្រភពចំណូលសំខាន់ៗមានដូចជា ផ្លែឈើ និងបន្លែ​ ទទួលបានចំណូលប្រមាណ ៤,៩១ ពាន់លានដុល្លារ ចំណែកឯអង្ករ​ទទួលបានចំនួន ៣,៩៧ ពាន់លានដុល្លារ ស្របពេលគ្រាប់ស្វាយចន្ទីស្វែងរកប្រាក់ចំណូលបានចំនួន ២,៩២ ពាន់លានដុល្លារផងដែរ។

ជាមួយគ្នានោះ នៅក្នុងរយៈពេលដប់ខែកន្លងមកនេះ ការនាំចេញកសិផល ក៏ដូចជាជលផលរបស់វៀតណាម ទៅកាន់ទីផ្សារអាស៊ី និងអាហ្រ្វិកបានកើនឡើង ៥,៧% និង ២១,៦% ស្របពេលការនាំចេញទៅកាន់អាមេរិកបានធ្លាក់ចុះ ២០,៦% ចំណែកអឺរ៉ុបធ្លាក់ចុះ ១១,៨%  និងអូសេអានីក៏បានធ្លាក់ចុះ ១៧,២% ផងដែរ។
គួរបញ្ជាក់ថា ចិន អាមេរិក និងជប៉ុននៅតែជាប្រទេសលំដាប់កំពូលទាំងបី ដែលនាំចូលផលិតផលពីប្រទេសវៀតណាមច្រើនជាងគេបង្អស់ ដោយក្នុងនោះទំហំនៃការនាំចេញទៅកាន់ប្រទេសចិនមានចំនួន ២២,៨% អាមេរិក ២០,៦% និងជប៉ុន ៧,៥%៕