មន្ត្រីជំនិតរបស់ពូទីន ប្រកាសចាត់ទុកប៉ូឡូញជាសត្រូវដ៏គ្រោះថ្នាក់មួយ

អន្តរជាតិ

កាលពីថ្ងៃទី០២ ខែវិច្ឆិកានេះ អតីតប្រធានាធិបតី លោក Dmitry Medvedev បានទម្លាយឲ្យដឹងថា រុស្ស៊ីបានចាត់ទុកប្រទេសប៉ូឡូញ ជាសត្រូវដ៏គ្រោះថ្នាក់មួយ និងបានព្រមានពួកគេថា ប្រយ័ត្នបាត់បង់ភាពជារដ្ឋរបស់ខ្លួន បើសិនជាបន្តដើរតាមគន្លងប្រឆាំងជាមួយរុស្ស៊ី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានរាយការណ៍ថា មន្ត្រីជំនិតរបស់ប្រធានាធិបតី លោក វ៉្លាឌីមៀ ពូទីន បានប្រកាសចាត់ទុកប៉ូឡូញ ជាសត្រូវ អំឡុងពេលថ្លែងពីទំនាក់ទំនង​រវាងរុស្ស៊ី និងប៉ូឡូញ។

“ពួកយើងបានចាត់ទុកប៉ូឡូញ ជាសត្រូវប្រចាំប្រវត្តិសាស្ត្រ។ ក្នុងករណីគ្មានការដោះស្រាយដោយសន្តិវិធីជាមួយសត្រូវ រុស្ស៊ីមានតែប្រើធម៌ក្ដៅ និងទុកឲ្យព្រហ្មលិខិត ជាអ្នកសម្រេចជោគវាសនារបស់រដ្ឋមួយនេះចុះ”។ នេះបើតាមសម្ដីរបស់អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី បានលើកឡើង។

លោក Medvedev បានព្រមានទៅកាន់ប៉ូឡូញទៀតថា៖ ប្រវត្តិសាស្ត្របានបង្រៀន និងបង្ហាញច្រើនដងហើយ មិនថាអ្នកមានមហិច្ឆតាធំប៉ុណ្ណា ប៉ុន្តែបើសិនជាអ្នកមិនអាចសម្រេចវា នោះលទ្ធផលគឺអាចធ្វើឲ្យរដ្ឋប៉ូឡូញ បាត់បង់ទាំងស្រុងក៏ថាបាន។

សូមជម្រាបដែរថា ប៉ូឡូញបានគាំទ្រចំពោះប្រទេសអ៊ុយក្រែន ដោយថ្កោលទោសរុស្ស៊ីថា ព្យាយាមលុបបំបាត់ប្រទេសអ៊ុយក្រែន តាមរយៈការធ្វើសង្គ្រាម និងផ្ដល់ព័ត៌មានមិនពិត ខណៈរដ្ឋាភិបាលក្រុងមូស្គូ​ក៏ចេញមុខថ្កោលទោស ចំពោះការចោទប្រកាន់របស់​រដ្ឋាភិបាលទីក្រុង Warsaw ផងដែរ៕