កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាក្នុងច្បាប់មួយ ស្តីពីការលុបចោលលើការផ្តល់សច្ចាប័នរបស់រុស្ស៊ី ក្នុងការហាមប្រាមការសាកល្បងអាវុធនុយក្លេអ៊ែរជាសាកល ខណៈនេះជាវិធានការមួយ ដែលទីក្រុងមូស្គូបាននិយាយថា ចាំបាច់ត្រូវបង្កើតភាពស្មើគ្នា ជាមួយសហរដ្ឋអាមេរិក ។ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មាន AP ។
លោក ពូទីន បាននិយាយថា ការលុបចោល ការផ្តល់សច្ចាប័នលើសន្ធិសញ្ញាហាមឃាត់ការសាកល្បងអាវុធនុយក្លេអ៊ែរជាសកល (CTBT) នឹងឆ្លុះបញ្ចាំងពីជំហររបស់សហរដ្ឋអាមេរិក ដែលបានចុះហត្ថលេខាហើយ ប៉ុន្តែមិនបានផ្តល់សច្ចាប័នលើការហាមឃាត់ការធ្វើតេស្តនេះ។
ជាមួយគ្នានោះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយថា ចំណាត់ការរបស់រុស្ស៊ី គឺតំណាងឱ្យជំហានដ៏សំខាន់មួយក្នុងទិសដៅខុស ហើយនឹងនាំយើងឱ្យកាន់តែឆ្ងាយពីការចូលជាធរមាន។ ដោយលោកបានបន្ថែមថា រុស្ស៊ីធ្វើនេះគឺគ្រាន់តែជាសកម្មភាពដើម្បីកំណត់សេចក្តីទុកចិត្តរបស់ពួកគេ ក្នុងរបបគ្រប់គ្រងអាវុធជាអន្តរជាតិតែប៉ុណ្ណោះ។
សូមជម្រាបថា សន្ធិសញ្ញា CTBT ដែលត្រូវបានអនុម័តនៅឆ្នាំ ១៩៩៦ គឺដើម្បីហាមប្រាមការផ្ទុះអាវុធនុយក្លេអ៊ែរ នៅគ្រប់ទីកន្លែងលើពិភពលោក ប៉ុន្តែសន្ធិសញ្ញានេះមិនទាន់ត្រូវបានអនុវត្តពេញលេញនោះទេ ដោយសារក្រៅតែពីសហរដ្ឋអាមេរិក CTBT មិនទាន់បានផ្តល់សច្ចាប័នពីប្រទេសចិន ឥណ្ឌា ប៉ាគីស្ថាន កូរ៉េខាងជើង អ៊ីស្រាអែល អ៊ីរ៉ង់ និងអេហ្ស៊ីបនៅឡើយ៕