កាលពីថ្ងៃទី០២ ខែវិច្ឆិកា ក្រុមហ៊ុន Apple បានប្រាប់ក្រុមវិនិយោគិនរបស់ខ្លួន កុំឲ្យមានការព្រួយបារម្ភ ជុំវិញការងើបឡើងវិញរបស់ដៃគូប្រជែងក្រុមហ៊ុន Huawei ដ្បិតបច្ចុប្បន្ន Apple នៅតែអាចក្ដោបបានទីផ្សារចិនដដែល។ នេះបើតាមការចុះផ្សាយពីគេហទំព័រ Reuters។
“នៅប្រទេសចិន ពួកយើងទទួលបានទិន្នន័យលក់ iPhone ប្រចាំត្រីមាសទី៣ មានចំនួនច្រើន ពោលក្នុងចំណោមទូរស័ព្ទឆ្លាតវៃ លក់ដាច់ច្រើនបំផុតនៅចិនទាំង ៥ ប្រភេទ យើងជាប់ចំណាត់ថ្នាក់លេខ៤”។ នេះបើតាមសម្ដីរបស់ CEO ក្រុមហ៊ុន Apple លោក Tim Cook បាននិយាយ។
បើទោះជាមេធំរបស់ក្រុមហ៊ុនខ្នាតយក្សអាមេរិកអះអាងបែបនេះ ប៉ុន្តែបើក្រឡេកទៅមើលទិន្នន័យទទួលបានពី Reuters វិញ បានបង្ហាញថា ការលក់ iPhone ប្រចាំត្រីមាសនៅប្រទេសចិន មានការថយចុះប្រហែល ៦% ខណៈការលក់ទូរស័ព្ទឆ្លាតវៃទូទាំងប្រទេសចិន ថយចុះប្រមាណ ៣%។
ដើម្បីអាចបង្កើនការលក់របស់ខ្លួនឡើងវិញ Apple បានធ្វើកម្មវិធីប្រូម៉ូសិនយ៉ាងសម្បើម ដោយបានបញ្ចុះតម្លៃទូរស័ព្ទ iPhone 15 យ៉ាងច្រើនសន្ធឹក សម្រាប់ព្រឹត្តិការណ៍លក់ប្រចាំឆ្នាំរបស់ Alibaba ដែលគេឲ្យឈ្មោះថា Singles Day៕