ក្រុមហ៊ុន Foxconn កាលពីថ្ងៃព្រហស្បតិ៍មិ្សលមិញនេះ បានចេញមុខច្រានចោលជុំវិញពាក្យចចាមអារ៉ាម នៅលើប្រព័ន្ធអ៊ីនធឺណេត ដែលបានចោទប្រកាន់ថាខ្លួន ត្រូវបង់ពន្ធក្នុងចំនួនទឹកប្រាក់រហូតដល់ទៅ ១៨០ពាន់លានយ៉ន់ (២៤,៦ពាន់លានដុល្លារ) ដែលជាផ្នែកមួយនៃការស៊ើបអង្កេតពីសំណាក់អាជ្ញាធរចិន កាលពីពេលថ្មីៗនេះ។
កាលពីថ្ងៃទី២២ ខែតុលាកន្លងទៅ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន Global Times បានរាយការណ៍ថា ក្រុមហ៊ុនបុត្រសម្ព័ន្ធមួយចំនួនរបស់ Foxconn ដែលស្ថិតនៅក្នុងប្រទេសចិន កំពុងស្ថិតនៅក្រោមការស៊ើបអង្កេតយ៉ាងតឹងរ៉ឹងបំផុត ទៅលើផ្នែកពន្ធដារ ចំពោះការប្រើប្រាស់ដី នៅក្នុងខេត្ត Henan , Hubei និង នៅកន្លែងផ្សេងទៀត។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Foxconn បានចេញមុខបដិសេធថា ពាក្យចចាមអារ៉ាម ដែលបានផ្សព្វផ្សាយថាផ្ទៃដីដែលមានទំហំស្នើទៅនឹងទីលានបាល់ទាត់ប្រហែល ២០ ០០០ ដែលខ្លួនបានកាន់កាប់នឹងត្រូវដកហូតវិញ ដោយរដ្ឋាភិបាលចិននោះ គឺជាខ្លឹមសារមិនពិត ហើយបានធ្វើឱ្យខូចកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុនយ៉ាងធ្ងន់ធ្ងរបំផុត។
ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់តៃវ៉ាន់មួយនេះ ក៏បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនទៀតថា ក្រុមហ៊ុនតែងតែប្រកាន់ខ្ជាប់នូវប្រតិបត្តិការស្របច្បាប់ និងអនុលោមទៅតាមច្បាប់ ហើយថែមទាំងបានបញ្ជាក់ទៀតថាផលិតកម្ម និងប្រតិបត្តិការរបស់ខ្លួន នឹងនៅតែដំណើរការជាធម្មតា៕