ក្រុមហ៊ុនថាមពលខ្នាតយក្សរបស់ប្រទេសថៃ PTT Exploration and Production (PTTEP) បានបង្ហាញពីគម្រោងរបស់ខ្លួន ក្នុងការបង្កើនសមត្ថភាពផលិតឥន្ធន:បន្ថែមទៀត នៅក្នុងតំបន់មជ្ឈិមបូព៌ា និងប្រទេសម៉ាឡេស៊ី ដើម្បីទប់ទល់ទៅនឹងការថយចុះនៃការផ្គត់ផ្គង់ឧស្ម័ន និងប្រេង ក្នុងស្រុក។ នេះបើតាមការចុះផ្សាយពីកាសែត Bangkok Post។
លោក Sumrid Sumneing អនុប្រធានប្រតិបត្តិផ្នែកហិរញ្ញវត្ថុ និងគណនេយ្យ នៅ PTTEP បាននិយាយថា ក្រុមអ្នកវិភាគលើថាមពលបានព្យាករថាប្រេង និងឧស្ម័ន ដែលផលិតនៅក្នុងប្រទេស នឹងធ្លាក់ចុះ ខណ:នេះនឹងបណ្តាលឱ្យប្រទេសថៃ មានការនាំចូលហ្គាស់ (LNG) កាន់តែច្រើន។
កាលពីឆ្នាំមុន ការធ្លាក់ចុះនៃការផ្គត់ផ្គង់ឧស្ម័នក្នុងស្រុក ជាពិសេសនៅតំបន់បូមឧស្ម័ន Erawan ក្នុងឈូងសមុទ្រថៃ បានបណ្តាលឱ្យប្រទេសនេះនាំចូលហ្គាស់ LNG កាន់តែច្រើន បើទោះបីជាតម្លៃបានហក់ឡើងយ៉ាងខ្លាំង បន្ទាប់ពីមានផលប៉ះពាល់ដោយសង្រ្គាមរុស្ស៊ី និងអ៊ុយក្រែន ក៏ដោយ។
ជុំវិញបញ្ហានេះ លោក Sumrid បាននិយាយទៀតថា ជាមួយនឹងបរិមាណឧស្ម័ននៅក្នុងប្រទេស ដែលរំពឹងថានឹងបន្តធ្លាក់ចុះ ដូច្នេះក្រុមហ៊ុន PTTEP គ្រោងនឹងផ្តោតលើគម្រោងរុករក និងផលិតប្រេង ឱ្យកាន់តែច្រើនបន្ថែមទៀត នៅក្នុងប្រទេសម៉ាឡេស៊ី និងតំបន់មជ្ឈិមបូព៌ា។
លោក Sumrid បានសង្កត់ធ្ងន់ទៀតថា ចំពោះប្រកាសនេះ គួរតែអាចធានាដល់សន្តិសុខថាមពលជាតិ ហើយលោកក៏សន្យាទៀតថា វានឹងផ្តល់ឱកាសអាជីវកម្មថ្មី សម្រាប់ក្រុមហ៊ុនបានថែមទៀតផង៕