នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong បានប្រកាសថា លោកនឹងប្រគល់តំណែងរបស់ខ្លួន ទៅកាន់អ្នកបន្តវេន នៅក្នុងគណបក្សសកម្មភាពប្រជាជន (PAP) ដែលកំពុងកាន់អំណាច ពោលគឺនៅមុនពេលការបោះឆ្នោតសកល ត្រូវបានធ្វើឡើងនៅឆ្នាំ ២០២៥។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AP។
លោក Lee ដែលបច្ចុប្បន្នមានវ័យ ៧១ ឆ្នាំ បាននិយាយនៅថ្ងៃអាទិត្យនេះថា លោកនឹងប្រគល់តំណែងរបស់ខ្លួន ទៅឱ្យឧបនាយករដ្ឋមន្ត្រី លោក Lawrence Wong ភ្លាមៗ នៅពេលដែលខួបលើកទី៧០ របស់គណបក្ស PAP ត្រូវប្រារព្ធធ្វើឡើង នៅខែវិច្ឆិកា ឆ្នាំ ២០២៤។
ដោយថ្លែងទៅកាន់សមាជិកបក្ស PAP នៅថ្ងៃអាទិត្យនេះ លោក Lee បានបង្ហើបថា លោក Wong បានបង្ហាញពីគុណសម្បត្តិរបស់ខ្លួនគ្រប់គ្រាន់ហើយ ក្នុងការឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មីនេះ ជាពិសេសនៅអំឡុងពេលប្រទេស បានជួបប្រទះជាមួយវិបត្តិកូវីដ-១៩ ហើយពុំមានហេតុផលអ្វី ដើម្បីពន្យារពេលការផ្ទេរអំណាចទៀតនោះឡើយ។
លោក Lee បាននិយាយទៀតថា ៖ “ហេតុដូច្នេះហើយ ខ្ញុំមានបំណងប្រគល់អំណាចទៅឱ្យឧបនាយករដ្ឋមន្ត្រី លោក Lawrence Wong នៅមុនការបោះឆ្នោតអាណត្តិក្រោយ។ ហើយបន្ទាប់មក ខ្ញុំនឹងទៅកន្លែងណា ដែលគាត់គិតថាខ្ញុំមានប្រយោជន៍ អាចបន្តជួយប្រទេសជាតិ។ ខ្ញុំនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីជួយគាត់ និងក្រុមអ្នកបន្តវេនរបស់គាត់ ឱ្យយកឈ្នះការបោះឆ្នោតជាសកល នៅពេលខាងមុខ”។
ជម្រាបជូនផងដែរថា លោក Wong ដែលធ្លាប់ជាអតីតរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងការអភិវឌ្ឍជាតិ ទទួលបានភាពលេចធ្លោយ៉ាងខ្លាំង ជុំវិញការប្រយុទ្ធប្រឆាំងទៅនឹងជំងឺកូវីដ-១៩ របស់ប្រទេសសិង្ហបុរី ដោយសម្រេចបាននូវអត្រាឆ្លង និងការស្លាប់ទាបបំផុតមួយលើពិភពលោក ក្នុងអំឡុងពេលជំងឺរាតត្បាតចាប់ផ្តើមដំបូង ៕