នាថ្ងៃទី០៦ ខែវិច្ឆិកានេះ មន្ត្រីចិនបានអំពាវនាវឲ្យប្រទេសមីយ៉ាន់ម៉ា សហការណ៍ជាមួយចិន ដើម្បីរក្សាស្ថិរភាព នៅតាមតំបន់ព្រំដែនរវាងប្រទេសទាំង២ បន្ទាប់ពីមានការផ្ទុះអាវុធរវាងកងយោធាមីយ៉ាន់ម៉ា និងក្រុមបះបោរនៅក្នុងប្រទេសកាលពីពេលកន្លង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។
“ប្រទេសមីយ៉ាន់ម៉ា ត្រូវបានសំណូមពរឲ្យបង្កើនកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន ជុំវិញការរក្សាស្ថិរភាព នៅតាមតំបន់ព្រំដែនរវាងប្រទេសទាំង២ ធានាឱ្យបាននូវសុវត្ថិភាពអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋនៅតាមព្រំដែនចិន និងចាត់វិធានការប្រកបដោយប្រសិទ្ធភាព ដើម្បីពង្រឹងសន្តិសុខរបស់បុគ្គលិកចិន”។ នេះបើតាមសម្ដីរបស់ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសចិន លោក Nong Rong បាននិយាយ។
គួររំលឹកបន្តិចថា ខណៈពេលដែលរដ្ឋាភិបាលលោកខាងលិច កំពុងថ្កោលទោសកងយោធាមីយ៉ាន់ម៉ា និងបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើពួកគេ ប៉ុន្តែប្រទេសចិន និងរុស្ស៊ី បែរជាផ្ដល់ការគាំទ្របែបប្រយោលទៅវិញ។
ជម្រាបបន្ថែមថា ចិនបាននិយាយថា ពួកគេគាំទ្រដល់របបយោធាមីយ៉ាន់ម៉ា ក្នុងការស្វែងរកផ្លូវរបស់ខ្លួនឯង និងសំណូមពរឲ្យសមាគមន៍អន្តរជាតិគោរពដល់អធិបតេយ្យភាពរបស់មីយ៉ាន់ម៉ា៕