អត្រាអតិផរណារបស់ប្រទេសថៃ បានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ២៥ខែ ដោយសារតម្លៃឥន្ធនៈ និងតម្លៃម្ហូបអាហារមានការថយចុះ ព្រោះការគាំទ្ររបស់រដ្ឋាភិបាល។
យោងតាមការចុះផ្សាយពីគេហទំព័រ CNA បានរាយការណ៍ថា សន្ទស្សន៍នៃតម្លៃអ្នកប្រើប្រាស់របស់ប្រទេសថៃ ហៅកាត់ CPI បានធ្លាក់ចុះ ០,៣១% នៅខែតុលា បើធៀបទៅនឹងឆ្នាំទៅ ខណៈកាលពីខែមុន CPI កើនឡើងដល់ ០,៣%។
គួររំលឹកបន្តិចថា ពីខែមករា ដល់ខែតុលា អត្រាអតិផរណារបស់ថៃមានការកើនឡើងជាមធ្យម ១,៦% ខណៈអត្រាប្រែប្រួលនៃតម្លៃអ្នកប្រើប្រាស់មានប្រមាណ១,៤១% ស្របពេលក្រសួងពាណិជ្ជកម្មថៃ អះអាងថា អត្រាអតិផរណារបស់ថៃនាឆ្នាំនេះ អាចមានចន្លោះពី ១ ដល់ ១,៧%។
សូមជម្រាបដែរថា កាលពីខែកញ្ញា គណៈកម្មាធិការគោលនយោបាយរូបិយវត្ថុ របស់ធនាគារកណ្តាលថៃ បានដំឡើងអត្រាការប្រាក់ដ៏សំខាន់ភ្លាមៗ ពោលមួយត្រីមាសដល់ ២,៥% ដែលជាកម្រិតខ្ពស់បំផុតក្នុងទសវត្ស ខណៈគោលនយោបាយមួយនេះ នឹងត្រូវយកមកពិនិត្យម្ដងទៀត នាថ្ងៃទី២៩ ខែវិច្ឆិកា៕