កំណើនសេដ្ឋកិច្ចប្រទេសឥណ្ឌូណេស៊ី ប្រចាំត្រីមាសទី៣ មានការងើបឡើងយឺតបំផុត ក្នុងរយៈពេល ២ឆ្នាំ ស្របពេលការនាំចេញមានការថយចុះខ្លាំង ខណៈការចំណាយប្រចាំគ្រួសារក៏មានខ្សោយដូចគ្នា។
យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានរាយការណ៍ថា GDP ប្រចាំត្រីមាសទី៣ របស់ឥណ្ឌូណេស៊ី កើនឡើង ៤,៩៤% តិចជាងការព្យាករណ៍ទុកពីសារព័ត៌មាន Reuters ដែលមាន ៥,០៥% ខណៈកាលពីត្រីមាសទី២ កំណើនសេដ្ឋកិច្ចមាន ៥,១៧%។
ជាមួយគ្នានេះ សេដ្ឋកិច្ចវិទូជាច្រើនបានផ្ដល់ក្ដីរំពឹងទុកថា ប្រទេសសេដ្ឋកិច្ចធំបំផុតប្រចាំអាស៊ីអាគ្នេយ៍ អាចនឹងមានសេដ្ឋកិច្ចខ្សោយ ដោយសារគោលនយោបាយរូបិយវត្ថុតឹងតែង ការធ្លាក់ចុះតម្លៃទំនិញ និងកំណើនសេដ្ឋកិច្ចចុះខ្សោយ។
គួររំលឹកបន្តិចថា ប្រទេសសំបូរធនធានបំផុតមួយ នៅតំបន់អាស៊ីអាគ្នេយ៍ បានកត់ត្រារបាយការណ៍នៃកំណើនសេដ្ឋកិច្ចខ្ពស់បំផុត ក្នុងរយៈពេល ៩ឆ្នាំ ពោលទទួលបានកំណើនសេដ្ឋកិច្ច ៥,៣% ក្នុងឆ្នាំ២០២២៕