យោងតាមកាសែតហិរញ្ញវត្ថុ Calcalist បានរាយការណ៍កាលពីចុងសប្តាហ៍មុន ដោយបង្ហាញពីតួលេខបឋមថា សង្រ្គាមរបស់អ៊ីស្រាអែល ជាមួយក្រុមហាម៉ាស នៅតំបន់កាហ្សាស្ទ្រីប (Gaza Strip ) អាចនឹងត្រូវចំណាយអស់ប្រហែល ២០០ពាន់លាន Shekel (សេកល) ឬស្មើទៅនឹង ៥១ពាន់លានដុល្លារ។
កាសែត Calcalist បានបង្ហាញទៀតថា ចំនួននៃការប៉ាន់ប្រមាណនេះ គឺស្មើទៅនឹង ១០% នៃផលិតផលក្នុងស្រុកសរុបរបស់អ៊ីស្រាអែល ដែលត្រូវបានគេសន្មត់ថាសង្គ្រាមនេះ អាចនឹងមានរយ:ពេលចន្លោះពី ៨ ទៅ ១២ខែ។
ទន្ទឹមនឹងនេះ ប្រភពដដែល បានបង្ហាញទៀតថា ចំនួនពាក់កណ្តាលនៃការចំណាយសរុប នឹងស្ថិតលើវិស័យការពារជាតិ ដែលមានចំនួនប្រហែល ១ពាន់លានសេកល ក្នុងមួយថ្ងៃ ស្របពេលការចំណាយពី ៤០-៦០ពាន់លានសេកល ផ្សេងទៀត នឹងមកពីការបាត់បង់ប្រាក់ចំណូល ខណ:ពី ១៧-២០ពាន់លានសេកល សម្រាប់ចំណាយលើសំណងអាជីវកម្ម និងពី ១០-២០ពាន់លានសេកល សម្រាប់ចំណាយលើការស្តារនីតិសម្បទា។
ជម្រាបជូនផងដែរថា រដ្ឋមន្ត្រីហិរញ្ញវត្ថុ លោក Bezalel Smotrich ធ្លាប់បាននិយាយថា រដ្ឋាភិបាលរបស់អ៊ីស្រាអែល កំពុងរៀបចំកញ្ចប់ជំនួយសេដ្ឋកិច្ច សម្រាប់អ្នកដែលទទួលរងផលប៉ះពាល់ ដោយការវាយប្រហារពីសំណាក់ក្រុមភេរវករប៉ាឡេស្ទីន ដែលអាចមានទំហំធំជាងការចំណាយអំឡុងពេលមានវិបត្តិជំងឺកូវីដ-១៩ ទៅទៀត៕