ក្រុមហ៊ុននាំចេញប្រេងកំពូលរបស់ អារ៉ាប៊ីសាអូឌីត និងរុស្សី បានបញ្ជាក់កាលពីថ្ងៃអាទិត្យថា ពួកគេនឹងបន្តកាត់បន្ថយទិន្នផលប្រេងបន្ថែមទៀតរហូតដល់ដំណាច់ឆ្នាំនេះ ដោយសារការព្រួយបារម្ភលើតម្រូវការ និងកំណើនសេដ្ឋកិច្ចដែលកំពុងបន្តថ្លឹងថ្លែងលើទីផ្សារប្រេងឆៅ។ នេះបើតាមរយៈការចុះផ្សាយពីសារព័ត៌មាន Reuters ។
ប្រភពពីក្រសួងថាមពលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសអារ៉ាប៊ីសាអូឌីតនឹងបន្តកាត់បន្ថយការផលិតប្រេងចំនួន ១ លានបារ៉ែលបន្ថែមទៀតក្នុងមួយថ្ងៃ ដែលនេះមានន័យថាក្រុមហ៊ុនរបស់អារ៉ាប៊ីសាអូឌីត អាចផលិតបានចំនួន ៩ លានបារ៉ែលប៉ុណ្ណោះក្នុងមួយថ្ងៃ សម្រាប់ខែធ្នូ។
សេចក្តីថ្លែងការណ៍នោះបានបន្ថែមទៀតថា៖ ការកាត់បន្ថយបន្ថែមទៀតនេះ គឺដើម្បីពង្រឹងកិច្ចខិតខំប្រឹងប្រែងដោយប្រុងប្រយ័ត្ន ដែលធ្វើឡើងដោយប្រទេសជាសមាជិក OPEC+ ក្នុងគោលបំណងគាំទ្រស្ថិរភាព និងតុល្យភាពនៃទីផ្សារប្រេង។
យ៉ាងណាមិញ បន្ទាប់ពីសេចក្តីថ្លែងការណ៍របស់អារ៉ាប៊ីសាអូឌីត ទីក្រុងម៉ូស្គូក៏បានប្រកាសថា ខ្លួននឹងបន្តកាត់បន្ថយការផ្គត់ផ្គង់បន្ថែមចំនួន ៣០ ម៉ឺនបារ៉ែលផងដែរ ពីការនាំចេញប្រេងឆៅ និងផលិតផលប្រេងរបស់ខ្លួនរហូតដល់ចុងខែធ្នូ។
គួរបញ្ជាក់ថា ប្រទេសនាំចេញប្រេងកំពូលទាំងពីរនេះបាននិយាយថា ការកាត់បន្ថយរបស់ពួកគេ នឹងត្រូវត្រួតពិនិត្យឡើងវិញ ឬសម្រេចចិត្តម្តងទៀត នៅខែក្រោយ ដើម្បីពិចារណាលើការផលិតប្រេងបន្ថែម៕