គិតចន្លោះពីឆ្នាំ២០០០ ដល់ឆ្នាំ២០២១ ស្ថាប័នហិរញ្ញវត្ថុចិនបានផ្ដល់ប្រាក់កម្ចីប្រមាណ ១,៣៤ពាន់ពាន់លានដុល្លារ សម្រាប់ប្រទេសកំពុងអភិវឌ្ឍនានាទូទាំងពិភពលោក។ នេះបើតាមការស្រាវជ្រាវពីស្ថាប័ន AidData។
ក្នុងចំណោមការផ្ដល់ប្រាក់កម្ចីទាំងអស់ កាលពីឆ្នាំ២០១៦ ចិនផ្ដល់កម្ចីច្រើនបំផុត ប្រហែល ១៣៦ពាន់លានដុល្លារ ហើយកាលពីឆ្នាំ២០២១ បានផ្ដល់ ៨០ពាន់លានដុល្លារបន្ថែមទៀត សម្រាប់ការសាងសង់គម្រោងប្រមាណ ២១ ០០០ នៅប្រទេសដែលមានចំណូលទាប និងមធ្យម ១៦៥ប្រទេស។
បើទោះជាចិនទទួលបានការសាទរពីប្រទេសកំពុងអភិវឌ្ឍជាច្រើន ជុំវិញការផ្ដល់ប្រាក់កម្ចីសម្បើមបែបនេះ ប៉ុន្តែជាមួយគ្នាមហាអំណាចលោកខាងលិច ក៏បានព្យាយាមរិះគន់មហាអំណាចអាស៊ីថា វាជាល្បិច និងជាយុទ្ធសាស្ត្ររបស់ចិនក្នុងការពង្រីកមហិច្ឆតារបស់ពួកគេប៉ុណ្ណោះ។
តួយ៉ាង ប្រទេសស្រីលង្កា និងសំប៊ី ដែលធ្លាប់ខ្ចីលុយចិនយ៉ាងច្រើន យកមកអភិវឌ្ឍន៍ប្រទេសជាតិ ប៉ុន្តែពេលនេះប្រទេសទាំង២ កំពុងធ្លាក់ក្នុងរណ្ដៅវិបត្តិសេដ្ឋកិច្ចដ៏យ៉ាប់យ៉ឺន ខណៈបំណុលដែលជំពាក់ចិនវិញ គឺគ្មានលទ្ធភាពសងទាល់តែសោះ៕