រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក គ្រោងជួបជាមួយឧបនាយករដ្ឋមន្ត្រីចិនក្នុងសប្ដាហ៍នេះ

អន្តរជាតិ

រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោកស្រី Janet Yellen នឹងជួបជាមួយឧបនាយករដ្ឋមន្ត្រីចិន លោក He Lifeng នៅទីក្រុង San Francisco មុនកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ហៅកាត់ APEC។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានរាយការណ៍ថា ជំនួបរវាងអ្នកស្រី Yellen និងលោក He នឹងធ្វើឡើងនាថ្ងៃទី០៩ និង១០ ខែវិច្ឆិកា ដោយគ្រោងជជែកគ្នាពីការពង្រឹងទំនាក់ទំនងប្រទេសទាំង២ លើផ្នែកសេដ្ឋកិច្ច។

បន្ថែមពីនោះ មន្ត្រីជាន់ខ្ពស់ទាំង ២រូបនេះ ក៏នឹងបើកកិច្ចប្រជុំវេទិកាសេដ្ឋកិច្ច និងហិរញ្ញវត្ថុថ្មី ដែលបានចាប់ផ្តើមក្នុងខែតុលា ដោយក្រសួងរតនាគារ និងក្រសួងហិរញ្ញវត្ថុ និងធនាគារកណ្តាលរបស់ចិនផងដែរ។

គួររំលឹកបន្តិចថា អ្នកស្រី Yellen បានជួបជាមួយឧបនាយករដ្ឋមន្ត្រីចិន He Lifeng លើកដំបូង កាលពីខែកក្កដា អំឡុងពេលអ្នកស្រីបានធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង ដើម្បីផ្សះផ្សារទំនាក់ទំនងរវាងចិន និងអាមេរិក ដែលកំពុងប្រេះស្រាំ។

ជម្រាបបន្ថែមថា មួយរយៈចុងក្រោយនេះ មន្ត្រីជាន់ខ្ពស់របស់អាមេរិកជាច្រើនរូប បង្ហាញឆន្ទៈក្នុងការស្ដារទំនាក់ទំនងជាមួយនឹងចិនឡើងវិញ ប៉ុន្តែវាមិនមែនជារឿងងាយស្រួលឡើយ ដ្បិតរដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅតែបន្តរឹតបន្តឹងលើការធ្វើពាណិជ្ជកម្មរបស់ចិន ទៅក្នុងទឹកដីអាមេរិកដដែល៕