ក្រុមហ៊ុនផ្គត់ផ្គង់អាហារ Bulog ដែលគ្រប់គ្រងដោយរដ្ឋាភិបាលឥណ្ឌូណេស៊ី បានប្រកាសកាលពីថ្ងៃទី០៦ ខែវិច្ឆិកានេះថា រដ្ឋាភិបាលមានបំណងកាត់បន្ថយការនាំចូលអង្ករ មកនៅត្រឹម ២លានតោនប៉ុណ្ណោះ ក្នុងឆ្នាំ២០២៤ តិចជាងឆ្នាំនេះ ដែលបានដាក់គោលដៅនាំចូល ៣,៨លានតោន។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានរាយការណ៍ថា ការនាំចូលអង្ករពីខែមករា ដល់ខែកញ្ញា មានប្រមាណ ១,៧៩លានតោន ខណៈក្រុមហ៊ុន Bulog បានស្តុកអង្ករទុកប្រហែល ១,៤លានតោនទៀត គិតនៅដើមខែវិច្ឆិកានេះ។
បន្ថែមពីនោះ ប្រទេសមានទំហំសេដ្ឋកិច្ចធំបំផុតនៅអាស៊ានមួយនេះ ក៏បានប្រកាសពីការពន្យារពេល ផ្ដល់អង្ករជាប្រចាំខែសម្រាប់ប្រជាពលរដ្ឋ ២២លានគ្រួសារ ដែលមានចំណូលទាប រហូតដល់ខែមិថុនា ឆ្នាំ២០២៤ ផងដែរ។
ការពន្យារផែនការខាងលើ គឺដើម្បីទប់ស្កាត់ និងជួយដល់ប្រជាជនក្រីក្រ ពីការកើនឡើងនៃតម្លៃស្បៀងអាហារ បណ្ដាលមកពីគ្រឿងទុរភិក្ស El Nino ដែលប៉ះពាល់ដល់វិស័យកសិកម្មនៅក្នុងប្រទេសឥណ្ឌូណេស៊ីជាខ្លាំង៕