រដ្ឋាភិបាលរបស់ប្រទេសវៀតណាម បានបង្ហាញឱ្យដឹងថា ក្រុមហ៊ុនឌីជីថលលំដាប់កំពូលរបស់បរទេសចំនួន ៧ រួមទាំង Meta, Google, Netflix និង TikTok បានបង់ពន្ធចំនួន ៨,០២ទ្រីលានដុង (៣៣៤,១លានដុល្លារអាមេរិក) នៅឆ្នាំនេះ ពោលគឺជាចំនួនច្រើនជាងទ្វេដង បើធៀបទៅនឹងឆ្នាំមុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។
អគ្គនាយកដ្ឋានពន្ធដារវៀតណាម បានបង្ហាញឱ្យដឹងទៀតថា គិតត្រឹមខែមិថុនា ឆ្នាំ ២០២៣ នេះ មានក្រុមហ៊ុនបច្ចេកវិទ្យាចំនួន ៥៧ បានធ្វើការបង់ពន្ធរួចហើយ ខណ:រដ្ឋាភិបាល នៅតែបន្តជំរុញឱ្យក្រុមហ៊ុនផ្សេងទៀត ដែលមិនទាន់បានប្រកាស ឬធ្វើការបង់ពន្ធ ឱ្យឆាប់រហ័សបំពេញកាតព្វកិច្ចបង់ពន្ធរបស់ពួកគេ។
គួរឱ្យដឹងផងដែរថា ចាប់តាំងពីខែមីនា ឆ្នាំ ២០២២ នៅពេលដែលនាយកដ្ឋានពន្ធដារ បានដាក់ឱ្យដំណើរការកម្មវិធីបង់ពន្ធតាមរយ:ប្រព័ន្ធអ៊ីនធើណិតយ៉ាងងាយស្រួលមក ទឹកប្រាក់សរុបចំនួន ១១,៥ទ្រីលានដុង ត្រូវបានបង់ចូលរដ្ឋ។
តាមរយ:កម្មវិធីនេះផងដែរថា មានក្រុមហ៊ុនពាណិជ្ជកម្មលើអនឡាញចំនួន ៣៧៥ ក៏បានផ្តល់ព័ត៌មានមកកាន់អាជ្ញាធរពន្ធដារ បានយ៉ាងឆាប់រហ័សផងដែរ អំពីអង្គភាព និងបុគ្គលិករបស់ពួកគេ៕