ប្រទេសចិន បានរាយការណ៍ពីការធ្លាក់ចុះនៃការនាំចេញក្នុងខែតុលា ខណៈដែលការនាំចូលបានកើនឡើងគួរឱ្យភ្ញាក់ផ្អើល ចំពេលតម្រូវការក្នុងស្រុក កំពុងមានសញ្ញាណល្អប្រសើរឡើងវិញ មួយរយៈកាលចុងក្រោយនេះ។ នេះបើយោងទៅតាមការចុះផ្សាយពីសារព័ត៌មាន CNBC ។
ទីភ្នាក់ងារគយចិនបាននិយាយថា នៅក្នុងខែតុលា ការនាំចេញទំនិញជាប្រាក់ដុល្លារអាមេរិក បានធ្លាក់ចុះដល់ទៅ ៦,៤% ស្របពេលដែលការនាំចូលទំនិញ បានកើនឡើង ៣% បើធៀបទៅនឹងខែដូចគ្នាកាលពីឆ្នាំមុន។
ក្នុងនោះ បើយោងតាមការគណនារបស់ CNBC លើទិន្នន័យគយបានបង្ហាញថា ការនាំចូលរបស់ចិនពីសហរដ្ឋអាមេរិកបានធ្លាក់ចុះ ៣,៧% នៅក្នុងអំឡុងខែតុលា ខណៈដែលការនាំចូលរបស់ចិនពីសហភាពអឺរ៉ុបវិញ បានកើនឡើងជាង ៥% ចំណែកទំនិញដែលនាំចូលមកពីសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍បានកើនឡើង ១០,២% ឯណោះ។
មិនត្រឹមតែប៉ុណ្ណោះ ការនាំចេញស្បែកជើង និងប្រដាប់ក្មេងលេងបានធ្លាក់ចុះ ចំណែកឯការនាំចេញទូរស័ព្ទឆ្លាតវៃ និងឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ បានកើនឡើង។ ជាពិសេស ការនាំចេញរថយន្តរបស់ចិន នៅតែបន្តកើនឡើងប្រមាណជាពីរខ្ទង់នៅក្នុងខែតុលា ប៉ុន្តែវាស្ថិតក្នុងល្បឿនមួយយឺតជាង ៥០% ពីមួយឆ្នាំទៅមួយឆ្នាំ តែច្រើនជាង ៦០% បើប្រៀបធៀបលើតួលេខកាលពីក្នុងខែមុន។
ដោយឡែក ប្រទេសមហាអំណាចសេដ្ឋកិច្ចធំបំផុតទី២ លើលោកមួយនេះ បានរាយការណ៍បន្ថែមទៀតថា ប្រទេសចិននឹងមានកំណើនសេដ្ឋកិច្ចចំនួន ៤,៩% នៃផលិតផលក្នុងស្រុកសរុបក្នុងត្រីមាសទី៣ និងនៅតែរក្សាការកំណត់គោលដៅ លើកំណើនសេដ្ឋកិច្ចរបស់ខ្លួនប្រហែល ៥% នៅឆ្នាំនេះផងដែរ៕