នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បានជួបជាមួយនាយករដ្ឋមន្ត្រីចិន លោក Li Qiang នៅទីក្រុងប៉េកាំង នាថ្ងៃទី០៧ ខែវិច្ឆិកា ដោយបានប្រាប់បណ្ដាញសារព័ត៌មានថា កិច្ចប្រជុំប្រចាំឆ្នាំ រវាងប្រទេសទាំង២ នឹងបន្តឡើងវិញ ខណៈការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំង២ ក៏ដំណើរការធម្មតាវិញដូចគ្នា។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញថា លោក Albanese គឺជាមេដឹកនាំអូស្ត្រាលីដំបូងបំផុត ដែលបានបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិន ក្នុងរយៈពេល ៧ឆ្នាំ បន្ទាប់ពីមានជម្លោះការទូត ដែលបណ្ដាលឲ្យកិច្ចប្រជុំប្រចាំឆ្នាំ ត្រូវបានផ្អាករហូតមកទល់សព្វថ្ងៃ។
ដោយឡែក ការធ្វើពាណិជ្ជកម្មរវាងចិន និងអូស្ត្រាលីវិញ ក៏មានដំណើរការប្រសើរបន្តិចផងដែរ ពោលចិនបានបន្ធូរបន្ថយលើការរឹតបន្តឹងផលិតផលនាំចូលពីអូស្ត្រាលី ខណៈលោក Albanese បានបង្ហើបថា លោកគ្រោងជជែកជាមួយនាយករដ្ឋមន្ត្រីចិន ជុំវិញការបន្តការធ្វើពាណិជ្ជកម្មសេរី រវាងប្រទេសទាំង២។
សូមជម្រាបបន្ថែមថា ការនាំចូលទំនិញពីអូស្ត្រាលី មកកាន់ប្រទេសចិនក្នុងខែតុលា បានកើនឡើង ១២% ដល់ចំនួនជិត ១២ពាន់លានដុល្លារ ខណៈគិតពីខែមករា មកដល់ខែតុលា ការនាំចូលរបស់ចិន កើនឡើង ៨,៤% ដល់ចំនួន ១២៨,៧៦ពាន់លានដុល្លារ៕