ប្រទេសថៃ អនុម័តវិធានការតម្លៃ ៥៥ពាន់លានបាត ដើម្បីរក្សាតម្លៃស្រូវអោយនៅស្ថិរភាព

អន្តរជាតិ

បើយោងទៅតាមកាសែត Bangkok Post បានចុះផ្សាយថា កាលពីថ្ងៃអង្គារ ទី៧ ខែវិច្ឆិកា គណៈរដ្ឋមន្ត្រីនៃប្រទេសថៃបានអនុម័តវិធានការ ដែលមានតម្លៃប្រមាណ ៥៥ ពាន់លានបាត ដើម្បីរក្សាស្ថិរភាពតម្លៃស្រូវ សម្រាប់ការប្រមូលផលឆ្នាំ ២០២៣ និង ២០២៤ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក Phumtham Wechayachai បាននិយាយថា វិធានការដែលបានអនុម័តនេះ ពាក់ព័ន្ធនឹងការផ្តល់ប្រាក់កម្ចីដល់ប្រជាកសិករ ដើម្បីពន្យារពេលលក់ស្រូវ ដែលមានសំណើម ២៥% ក្នុងអំឡុងរយៈពេល ៥ខែ រួមជាមួយនឹងប្រាក់កម្ចីដល់សហករណ៍កសិកម្ម ដើម្បីអន្តរាគមន៍លើទីផ្សារទិញស្រូវរហូតដល់តម្លៃមួយសមរម្យ។

នៅក្រោម​វិធានការ​កម្ចី​ដើម្បី​ពន្យារ​ការ​លក់​ស្រូវ​របស់​កសិករ​ក្នុងរយៈពេល​ត្រឹមប្រាំ​ខែ រដ្ឋាភិបាល​នឹង​ធ្វើ​អន្តរាគមន៍​លើ​ទីផ្សារ ដើម្បី​ផ្តល់​ជូន​កសិករ​ដែល​អាចលក់​ក្នុង​តម្លៃ ១២ ០០០ បាត​ក្នុង​មួយ​តោន និង​តម្លៃ ១ ៥០០ បាត​ក្នុង​មួយ​តោន ខណៈរដ្ឋាភិបាល​មាន​បំណង​ប្រមូលទិញស្រូវពីប្រជាកសិករដើម្បី​ស្តុកទុកចំនួន ៣ លាន​តោន​ក្រោម​គម្រោង​នេះផងដែរ។

ជាមួយគ្នានេះ បើយោងទៅ​តាម​វិធានការ​សម្រាប់សហករណ៍​កសិកម្ម​ធ្វើ​អន្តរាគមន៍​ក្នុង​ទីផ្សារ​ទិញ​ស្រូវ រដ្ឋាភិបាល​នឹង​គាំទ្រចំពោះការ​ទិញ​អង្ករ​ក្រអូប​ថៃ Hom Mali ចំនួន ១ លានតោន នៅ​ក្នុង​តម្លៃ ១២ ២០០ បាត​ក្នុង​មួយ​តោន ស្របពេលវិធានការ​ទាំង​ពីរ​នេះ ​នឹង​តម្រូវ​ឱ្យ​រដ្ឋាភិបាល​ចំណាយទឹក​ប្រាក់​សរុប​ប្រហែល ៥៥ ពាន់​លាន​បាត។

ក្នុងនោះផងដែរ អ្នកនាំពាក្យរដ្ឋាភិបាលលោក Chai Wacharonke បាននិយាយថា រដ្ឋាភិបាលកំពុងរៀបចំផែនការ កែប្រែគោលនយោបាយអន្តរាគមន៍របស់ខ្លួន លើតម្លៃស្រូវក្នុងរដូវប្រមូលផលបន្ទាប់ ហើយការកែសម្រួលនេះ មានគោលបំណងធ្វើឱ្យប្រសើរឡើង នូវប្រាក់ចំណូលរបស់កសិករ តាមរយៈការកាត់បន្ថយការឧបត្ថម្ភធន។ ដោយលោក​បានបន្ត​ថា គោល​នយោបាយ​ថ្មី​ដំបូង​ត្រូវ​ពិភាក្សា​ជាមួយ​កសិករ ​លើ​ប្រធានបទ​ថា​តើ​ត្រូវ​បង្កើន​ប្រសិទ្ធភាព​ផលិតកម្ម ឬ​ក៏អនុម័តលើ​ដំណោះស្រាយ​បច្ចេកវិទ្យាវិញ។

បើយោងទៅតាមលោក Chai ដដែលបានបង្ហើបថា តម្លៃទីផ្សារស្រូវ Hom Mali កម្រិតសំណើម ១៥% គឺមានតម្លៃខ្ទង់ ១៤ ៨០០ ទៅ ១៥ ០០០ បាតក្នុងមួយតោន នាពេលបច្ចុបន្ននេះ។ ទោះជាយ៉ាងណាក៏ដោយ នៅពេលប្រមូលផលរួច ជាធម្មតាជាតិសំណើមនឹងឡើងដល់ ២៥% ដែលនាំឱ្យតម្លៃលក់ប្រហែល ១២ ០០០ ទៅ ១២ ៣០០ បាតក្នុងមួយតោន។ ស្របពេលតម្លៃទីផ្សារនាពេលបច្ចុបន្ននេះ គឺមានតម្លៃត្រឹមតែ ១១ ០០០ បាតក្នុងមួយតោន ទាបជាងតម្លៃសមរម្យ។ 

មិនត្រឹមតែប៉ុណ្ណោះ គណៈរដ្ឋមន្ត្រីកាលពីថ្ងៃអង្គារ បានអនុម័តលើវិធានការចំនួនពីរ ដើម្បីរក្សាស្ថិរភាពតម្លៃពោតចំណីសត្វ ក្នុងរដូវកាលច្រូតកាត់ឆ្នាំ ២០២៣ និង ២០២៤ ជាមួយនឹងថវិកាសរុបចំនួន ៦៥,១ លានបាត។ ដោយថវិកានេះមានគោលបំណងជួយដល់ស្ថាប័នកសិកម្ម និងអង្គភាពអាជីវកម្ម ក៏ដូចជាការរក្សាទុកពោតចំណីសត្វ ដោយមិនពន្លឿនការលក់ចេញទៅក្នុងទីផ្សារ និងរក្សាស្ថិរភាពតម្លៃនៅពេលដែលទីផ្សារប្រឈមនឹងត​ម្រូវការផ្គត់ផ្គង់ខ្ពស់៕