តុលាការធម្មនុញ្ញរបស់ប្រទេសឥណ្ឌូនេស៊ី បានធ្វើការប្រកាសកាលពីថ្ងៃចន្ទ ទី៧ ខែវិច្ឆិកាថា ខ្លួននឹងសាកល្បងប្តឹងជំទាស់ទៅនឹងការសម្រេចចិត្តនាពេលថ្មីៗនេះ ជុំវិញការកែប្រែច្បាប់កាត់បន្ថយអាយុរបស់បេក្ខភាពប្រធានាធិបតី ដែលជាការបើកផ្លូវសម្រាប់កូនប្រុងច្បងរបស់ លោក ចូកូ វីដូដូ ឱ្យចូលរួមក្នុងការបោះឆ្នោតនាពេលខាងមុខ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។
សេចក្តីប្រកាសនេះ ត្រូវបានធ្វើឡើង នៅត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីក្រុមប្រឹក្សាកិត្តិយសរបស់តុលាការឥណ្ឌូនេស៊ី បានសម្រេចដកតំណែងប្រធានចៅក្រម លោក Anwar Usman ដែលត្រូវបានគេរកឃើញថាបានប្រព្រឹត្តបំពានយ៉ាងធ្ងន់ធ្ងរលើក្រមសីលធម៌ និងអាកប្បកិរិយាល្អ ក្នុងឋានៈជាចៅក្រមទាក់ទងនឹងសេចក្តីសម្រេចដ៏ចម្រូងចម្រាសខាងលើនេះ។
គួរឱ្យដឹងផងដែរថា ច្បាប់ស្តីពីការបោះឆ្នោតសកលកាលឆ្នាំ ២០១៧ បានកំណត់មកថា បេក្ខភាពប្រធានាធិបតី ឬអនុប្រធានាធិបតី ត្រូវមានអាយុយ៉ាងតិច ៤០ ឆ្នាំ ខណ:កូនប្រុសរបស់លោកប្រធានាធិបតី វីដូដូ ដែលមានឈ្មោះថា Gibran Rakabuming Raka បច្ចុប្បន្នជាអភិបាលក្រុង Surakarta មានអាយុ ៣៦ ឆ្នាំ។
ជម្រាបជូនផងដែរថា លោក Gibran ត្រូវបានប្រកាសថាជាគូប្រជែងដ៏សំខាន់បំផុត សម្រាប់បេក្ខជនប្រធានាធិបតី ជាមួយលោក Prabowo Subianto ពោលគឺនៅក្រោយប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីសេចក្តីសម្រេចអំពីការកែប្រែច្បាប់កាត់បន្ថយអាយុ ត្រូវធ្វើឡើង កាលពីថ្ងៃទី១៦ ខែតុលា៕