អនាគតនាយករដ្ឋមន្ត្រីសិង្ហបុរីថ្មី មានភាពលេចធ្លោខ្លាំង ក្នុងសម័យកូវីដ-១៩

អន្តរជាតិ

ក្នុងពេលឆាប់ៗខាងមុខនេះ ប្រទេសសិង្ហបុរី នឹងមានការផ្លាស់ប្តូរនាយករដ្ឋមន្ត្រីថ្មីដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ខណ:ពេលដែលមេដឹកនាំបច្ចុប្បន្នរបស់ប្រទេស គឺលោក Lee Hsien Loong បានប្រកាសថា លោកនឹងផ្ទេរតំណែងរបស់ខ្លួន ទៅឱ្យឧបនាយករដ្ឋមន្ត្រី លោក Lawrence Wong ពោលគឺនៅមុនការបោះឆ្នោតសកលត្រូវធ្វើឡើង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Wong ដែលជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរបស់ប្រទេសសិង្ហបុរីផងនោះ ទទួលបានការទុកចិត្តយ៉ាងខ្លាំង ពីសំណាក់លោក Lee បន្ទាប់ពីលោកបង្ហាញពីគុណសម្បត្តិជាច្រើន ជាពិសេសនៅអំឡុងពេលប្រទេស បានជួបប្រទះជាមួយវិបត្តិកូវីដ-១៩ ។

ប្រជាប្រិយភាពរបស់លោក Wong បានកើនខ្លាំងឡើង អំឡុងពេលលោក ត្រូវបានតែងតាំងធ្វើជាប្រធានក្រុមការងារជំងឺរាតត្បាតរបស់ប្រទេស។ ក្រុមនេះ បានទទួលការកោតសរសើរយ៉ាងខ្លាំង ចំពោះការដោះស្រាយជំងឺរាតត្បាតរបស់ខ្លួន ដែលរក្សាចំនួនអ្នកស្លាប់ឱ្យនៅកម្រិតទាបបំផុត ជាមួយនឹងលើកទឹកចិត្តឱ្យមានការចាក់វ៉ាក់សាំង និងការគ្រប់គ្រងដោយជោគជ័យ ក្នុងការកាត់បន្ថយការធ្វើដំណើរ។

ក្រឡេកមកមើលប្រវត្តិរបស់លោក Wong វិញ លោកបានកើតនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ ១៩៧២ នៅភាគខាងកើតនៃប្រទេសសិង្ហបុរី ក្នុងគ្រួសារមួយ ដែលមានឪពុកធ្វើជានាយកផ្នែកលក់ក្នុងក្រុមហ៊ុនមួយ និងម្តាយធ្វើជាគ្រូបង្រៀននៅសាលាបឋមសិក្សា ក្នុងស្រុកកំណើតរបស់លោកផ្ទាល់តែម្តង។

លោក Wong បានចូលរៀននៅសាលាបឋមសិក្សា Haig Boys ដែលឥឡូវប្តូរទៅជាសាលាបឋមសិក្សា Tanjong Katong មុនបន្តទៅរៀននៅសាលាបច្ចេកទេស Tanjong Katong និងមហាវិទ្យាល័យ Victoria Junior ។

លោក Wong បានទទួលបរិញ្ញាបត្រវិទ្យាសាស្ត្រ ជាមួយនឹងមុខជំនាញផ្នែកសេដ្ឋកិច្ច ពីសាកលវិទ្យាល័យ Wisconsin-Madison ក្នុងឆ្នាំ ១៩៩៤ មិនតែប៉ុណ្ណោះ​លោកក៏បានទទួលសញ្ញាប័ត្រអនុបណ្ឌិតផ្នែកសេដ្ឋកិច្ចអនុវត្ត ពីសាកលវិទ្យាល័យ Michigan ក្នុងឆ្នាំ ១៩៩៥ និងអនុបណ្ឌិតផ្នែករដ្ឋបាលសាធារណៈ ពីសាកលវិទ្យាល័យ Harvard ក្នុងឆ្នាំ ២០០៤ ផងដែរ។

លោក Wong បានចាប់ផ្តើមអាជីពដំបូង ជាសេដ្ឋវិទូ ស្ថិតនៅក្នុងក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម នៅឆ្នាំ ១៩៩៧ មុនពេលផ្លាស់ទៅកាន់ក្រសួងហិរញ្ញវត្ថុ ក្នុងខែមករា ឆ្នាំ ២០០២ ហើយបន្ទាប់មកប្តូរទៅកាន់ក្រសួងសុខាភិបាល ក្នុងឆ្នាំ ២០០៤ ដែលជាកន្លែងលោកបម្រើការជានាយកផ្នែកហិរញ្ញវត្ថុ រហូតដល់ខែឧសភា ឆ្នាំ ២០០៥។

ក្រោយពីនោះ លោក Wong បានចូលបម្រើការជាលេខាផ្ទាល់របស់នាយករដ្ឋមន្ត្រីលោក Lee Hsien Loongនៅចន្លោះខែឧសភា ឆ្នាំ ២០០៥ និងខែសីហា ឆ្នាំ ២០០៨។ រហូតដល់ខែកញ្ញា ឆ្នាំ ២០០៨ លោក Wong បានក្លាយជានាយករងប្រតិបត្តិនៃអាជ្ញាធរទីផ្សារថាមពល និងបន្តឡើងកាន់តំណែងជានាយកប្រតិបត្តិ នៅថ្ងៃទី១ ខែមករា ឆ្នាំ ២០០៩។

ចំពោះឆាកនយោបាយ លោក Wong បានចូលរួមជាមួយគណបក្សសកម្មភាពប្រជាជន ក្នងការបោះឆ្នោតសកល នៅឆ្នាំ ២០១១ ហើយពេលនោះលោក ត្រូវបានគេជ្រើសរើសឱ្យធ្វើជាសមាជិកសភា តំណាងឱ្យសង្កាត់ Boon Lay ខណ:លោក ក៏ត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងការពារជាតិ និងជារដ្ឋមន្ត្រីក្រសួងអប់រំ និងជាក្រុមប្រឹក្សាភិបាលនៃអាជ្ញាធររូបិយវត្ថុនៃប្រទេសសិង្ហបុរី ផងដែរ។

រហូតដល់ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២២ បន្ទាប់ពីមានការរុះរើគណៈរដ្ឋមន្ត្រីមួយចំនួននៅក្នុងបក្ស លោក Wong ត្រូវបានដំឡើងឋានៈជាឧបនាយករដ្ឋមន្ត្រី ដែលនេះ កាន់តែពង្រឹងតួនាទីរបស់លោក ដើម្បីក្លាយជាអ្នកស្នងតំណែងនាយករដ្ឋមន្ត្រីបន្ត ពីលោក Lee Hsien Loong ។

ឥឡូវនេះ លោក Wong កំពុងដឹកនាំក្រុម Forward SG ដែលផ្តោតទៅលើការពិគ្រោះជាសាធារណៈ ក្នុងការចង្អុលបង្ហាញទៅកាន់ចំណុចខ្វះខាតក្នុងវិស័យអប់រំ ការបណ្តុះបណ្តាលការងារ និងគោលនយោបាយបរិស្ថានរបស់ប្រទេស ខណ:ក្រុមអ្នកវិភាគយល់ឃើញថាការបង្កើតក្រុមនេះ អាចជាដើមទុនធំមួយ ជួយឱ្យលោក Wong បង្កើនប្រជាប្រិយភាពបន្ថែមទៀត សម្រាប់យុទ្ធនាការបោះឆ្នោតរបស់ខ្លួន៕